ភ្នំពេញ៖ លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃ កែវសីមា ដែលទើបចូលកាន់ តំណែងកាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ខណៈដែលមន្ត្រីដែនជម្រកសត្វព្រៃមានតួនាទី ជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ ក្លាយទៅជាអ្នកឃុបឃិតប្រព្រឹត្តបទល្មើសទៅវិញ ។ ក្រៅពីការប្រមូលប្រាក់តាមរថយន្តម៉ូតូដឹកជញ្ជូនឈើមន្ត្រីដែនជម្រកសត្វព្រៃរូបនេះបានកៀងគរឲ្យប្រជាពលរដ្ឋកាប់ព្រៃដើម្បីរានយកដីថែមទៀតផង ។

បើតាមមន្ត្រីអាជ្ញាធរស្រុកកែវសីមាមួយរូប សុំមិនបញ្ចេញឈ្មោះបានអះអាងថា ការកាប់រានដីព្រៃនេះ ក្រោយពីលោកព្រំ សុវណ្ណា ត្រូវបានតែងតាំង ជានាយកដែន ជម្រកសត្វព្រៃកែវសីមា ។ ពាក់ព័ន្ធនឹងបទល្មើស នៃការដឹកជញ្ជូនឈើវិញបុរសម្នាក់ ដែលជាអ្នករកស៊ីដឹកជញ្ជូនឈើតាមម៉ូតូបាននិយាយថា សព្វថ្ងៃនេះ លោកសៀង ស៊ីណា ហៅសិលា ដែលជាប្អូនប្រុសអតីតមេយោធាខេត្ត និងជានាយរងដែនជម្រកសត្វព្រៃកែវសីមា គឺជាអ្នកដាក់កម្លាំងឈរជើងនៅខ្ទមអ្នកតាមួយកន្លែង ស្ថិតនៅភូមិ ពូចា ឲ្យចាំយកលុយពីពួកគេមានទាំងដាក់ខែ និងយកលុយប្រចាំថ្ងៃ។

ក្រុមអ្នករកស៊ីដឹកឈើតាមម៉ូតូនិយាយថា មន្ត្រីដែលបោះតង់នៅចំណុចខ្ទមអ្នកតា ភូមិពូចា ជាកូនចៅរបស់លោក សៀង ស៊ីណា ។ ក្នុងមួយខែ ពួកគេត្រូវបង់ប្រាក់ ឲ្យកូនចៅលោកសៀងស៊ីណា នាយរងដែនជម្រកសត្វព្រៃកែវសីមា ចាប់ពី៦០ម៉ឺនរៀលដល់១លានរៀល ។

You might like