រាជធានីភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាម ជ្រកក្រោមអាជីវកម្មរកស៊ីដូរលុយ « ទ្រូម៉ានី » ដុះស្លែមួយកន្លែង ត្រូវបានកម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះធ្វើការបង្ក្រាបនៅចំណុតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ជាអ្នកកត់ ។ប្តីប្រពន្ធជាជនសង្ស័យខាងលើ ប្រពន្ធឈ្មោះលឹម ហ៊ុន និងប្តីឈ្មោះ សួស ធារិទ្ធិ អាយុ៥៧ឆ្នាំ ស្នាក់នៅម្តុំផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង អោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺអាជ្ញាធរធ្លាប់ទទួលបានព័ត៌មានថា ទីតាំងខាងលើមានការកត់ឆ្នោតវៀតណាមយ៉ាងសេរី និងបើកកត់ឆ្នោតយ៉ាងចំហបំផុត ទើបអាជ្ញាធរបានដាក់កម្លាំងទៅចុះពិនិត្យមើលឃើញពិតជាមានកត់ឆ្នោតវៀតណាមខុសច្បាប់ប្រាកដមែន ។លុះនៅវេលាខាងលើ កម្លាំងអាជ្ញាធរចម្រុះ មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ដោយមានការចូលរួមពីលោកនួន ចំរើន ក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងលោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី បានចុះធ្វើការបង្ក្រាបជាក់ស្តែងតែម្តងទៅ ។ក្នុងការចុះបង្ក្រាប កម្លាំងអាជ្ញាធរបានឃាត់ប្តីប្រពន្ធទាំង២នាក់ខាងលើ ដែលជាអ្នកកត់ ដោយដកហូតបានលុយដុល្លារចំនួន២១០ដុល្លារ , លុយខ្មែរ៣លាន និង៣០ម៉ឺនរៀល និងវត្ថុតាងក្រដាសកត់ឆ្នោតមួយចំនួនធំផងដែរ ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងវត្ថុតាងត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុនទី២ ដើម្បីបន្តនីតិវិធីច្បាប់ ៕