រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល រេចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឱ្យ អ្នកដំណើរច្រើននាក់ រងរបួសធ្ងន់ស្រាល


បាត់ដំបង៖ មនុស្សប្រុសស្រីក្មេងចាស់ ដែលជាអ្នកធ្វើដំណើរជាមួយរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊នកាពីតូល បានទទួលរងរបួសធ្ងន់ស្រាលជាច្រើននាក់ ក្រោយពីរថយន្តបានរ៉េចង្កូត ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃ២៧ ខែមករា ឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៥ ឋិតក្នុងត្រង់ចំណុចក្រុម១២ ភូមិអូសទូកឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបង្កម៉ាកហីុយិនដាយពណ៌ស (រថយន្តក្រុងក្រុមហ៊ុនកាពីតូល) ពាក់ផ្លាកលេខភ្នំពេញ ៣D-៥៣៥៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងដែរថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បានធ្វើដំណើរពីទិសបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតធ្លាក់ចូលប្រឡាយតែម្តង បណ្តាលឱ្យរបួសអ្នកជិះក្នុងរថយន្ត ធ្ងន់ស្រាលរហូតដល់១០នាក់។

អ្នករងរបួសទាំង១០នាក់ នៅក្នុងឧបទ្ទវហេតុខាងលើនេះ មានឈ្មោះដូចខាងក្រោម ទី១ឈ្មោះ ឡាយ ឈឿម ភេទប្រុស អាយុ៦៥ឆ្នាំរបួសធ្ងន់។ ទី២ឈ្មោះ ហោ សិម ភេទស្រី អាយុ៥១ឆ្នាំ (របួសស្រាល) ទី៣ឈ្មោះ ផន សុភី ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល ទី៤ឈ្មោះ រស់ បូផា ភេទស្រី អាយុ២៦ឆ្នាំ របួសស្រាលអ្នកទាំង៤ រស់នៅខេត្តបន្ទាយមានជ័យ។ ទី៥ឈ្មោះ ញ៉ែម សំណាង ភេទប្រុស អាយុ៣៨ឆ្នាំរបួសស្រាល ទី៦ឈ្មោះ អ៊ុក សាយលឿ ភេទស្រី អាយុ៦៧ឆ្នាំ របួសស្រាល អ្នកទាំង២ រស់នៅរាជធានីភ្នំពេញ។ ទី៧ឈ្មោះ សំ សុភីភេទប្រុស អាយុ៦៥ឆ្នាំ របួសស្រាល ទី៨ឈ្មោះ មិល សុធារី ភេទប្រុស អាយុ៥៩ឆ្នាំ របួសស្រាល អ្នកទាំង២ រស់នៅខេត្តពោធ៍សាត់។ ទី៩ ឈ្មោះ ហូយ សុខហេង ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិរតនៈ ក្រុងបាត់ដំបង (របួសស្រាល) និងទី១០ឈ្មោ លី ហ៊ាង ភេទស្រី អាយុ៤២ឆ្នាំ របួសស្រាល រស់នៅខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានជួយអ្នករងរបួសទាំងអស់ ចេញពីរថយន្តដើម្បីបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត រីឯរថយន្តបង្ក សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការនគរបាលស្រុកសង្កែ រងចាំបន្តនីតិវិធីពេលក្រោយ៕

You might like