(ភ្នំពេញ)៖ ពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មី នៃខេត្តកណ្តាល គឺឯឧត្តម គង់ សោភ័ណ្ឌ អតីតអភិបាលរងខេត្ត ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើង នៅសាលាខេត្តកណ្តាល។
សូមរម្លឹកថា ឯកឧត្តម គង់ សោភ័ណ្ឌ ត្រូវបានព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្លាស់ប្តូរអភិបាលខេត្តកណ្តាល ធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជម្រាបជូនថា ឯកឧត្តម គង់ សោភ័ណ្ឌ ជាអតីតអភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុនពេលឯកឧត្ដម កាន់តំណែងជាអភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល មកដល់សព្វថ្ងៃនេះ។
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោក ម៉ៅ ភិរុណ ជាអភិបាលខេត្តកណ្តាល សម្រាប់អាណត្តិទី២។
សូមរម្លឹកថា លោក ម៉ៅ ភិរុណ បានចូលកាន់តំណែងជាអភិបាលខេត្តកណ្តាល ជំនួសលោក ផៃ ប៊ុនឈឿន កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។ មុនឡើងធ្វើជាអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ហើយលោក ក៏ជាអតីតអភិបាលខេត្តកណ្តាល ផងដែរ។
នៅពេលផ្ទេរតំណែងអភិបាលខេត្តជូនឯកឧត្តម គង់ សោភ័ណ្ឌ នៅពេលនេះ ឯកឧត្តម ម៉ៅ ភិរុណ ត្រូវបានតែងតាំងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាលឡើងវិញ។
សូមរម្លឹកបន្ថែមថា ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ នាព្រឹកថ្ងៃទី០៤ ខែមីនានេះ ក៏បានប្រកាសអនុក្រឹត្យ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តែងតាំងឯកឧត្តម នុត ពុធដារ៉ា ពីអភិបាលរងខេត្តក្រចេះ ចូលកាន់តំណែង ជាអភិបាលរងខេត្តកណ្តាល ផងដែរ៕