មនុស្ស៧នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងករណីល្បែងជល់មាន់​ និងអាប៉ោង

ភ្នំពេញ​ ៖​ កម្លាំងចម្រុះ​ នៃគណ:បញ្ចាការឯកភាពខណ្ឌជ្រោយចង្វារ​ នៅរសៀលថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២០នេះ បានធ្វេីការឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងត្រង់ចំណុចខាងក្រោយ​ ឡឥដ្ឋ​ ក្នុងភូមិសំបកមាស​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ ដោយឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់​ ព្រមទាំងចាប់យកសម្ភារ:នៃវត្ថុតាងមួយចំនួន​ ។

​ តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកថា​ ទីតាំងខាងលេីកំពុងតែបេីកសង្វៀនប្រជល់មាន់​ និងអាប៉ោង​ នាថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២០នេះ​ ភ្លាមៗអាជ្ញាធរមូលដ្ឋាន​ ដោយការចូលរួមពីកម្លាំងនគបាល​ខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ​ ដឹកនាំកម្លាំងចម្រុះ​ ឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់ខាងលេី​ រហូតឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់​ ម៉ូតូជាច្រេីនគ្រឿង​ មាន់អាគក សម្ភារៈនៃវត្ថុតាងមួយចំនួនទៀត​ ។

​ ក្រោយពីបញ្ចប់ក្នុងប្រតិបត្តិការរួចរាល់​ កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌជ្រោយចង្វារ​ បានធ្វេីការរុះរេីទីតាំងខាងលេី​ចោលតែម្ដង​ រីឯមនុស្សចំនួន៧នាក់ និងវត្ថុតាងខាងលេី​ ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដេីម្បីអនុវត្តន៍​តាមច្បាប់

You might like