(ក្រចេះ)៖ ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ រស់នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ បានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ ជំទាស់នឹងការចាក់ដី និងការលើកផ្លូវថ្មី១ខ្សែខាងក្រោយផ្ទះពួកគាត់ របស់បុរីលំនៅឋាន ប៊ុន ធឿន។
បើតាមពាក្យបណ្ដឹង, ការចាក់ដីនេះ គឺធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅឋានរបស់ពួកគេ ព្រោះថា នៅរដូវរស្សាទឹកភ្លៀង បានជន់លិចខាងក្រោមផ្ទះ ពេញប្រៀបតែម្ដង ហើយទឹកភ្លៀងនេះ នឹងត្រូវហូរចេញតាមផ្លូវក្រោយផ្ទះ។
បើសិនបើបុរីលំនៅឋាន ប៊ុន ធឿន លើកផ្លូវ០១ខ្សែនេះឡើង គឺធ្វើឲ្យស្ទះចរន្ដទឹកមិនអាចហូរចេញបានទេ ពោលគឺនឹងត្រូវជន់លិចមិនខាន លើសពីនេះទៅទៀត ផលប៉ះពាល់ចំបងនោះ គឺសាលាបឋមសិក្សា និងអនុវិទ្យាល័យក្រគរ និងត្រូវត្រាំក្នុងទឹកជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងករណីនេះ លោក កែវ សុជាតិ បានប្រាប់ឣោយបណ្ដាញព័ត៌មាន ដឹង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោកទទួលបានពាក្យ បណ្ដឹងនេះហើយ លោកកំពុងតែចាត់ចែងធ្វើការនេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយ អង្គភាពព័ត៌មានយើងមិនទាន់សុំការបញ្ជាក់ពីតំណាងក្រុមហ៊ុនបុរីបាននោះទេ នៅព្រឹកថ្ងៃនេះ៕ខាងក្រោមនេះ ជាពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៖