មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធខេត្តស្ទឹងត្រែងចុះត្រួតពិនិត្យអប់រំពីបញ្ហាកូវីដ១៩ដល់ម្ចាស់ឱសថស្ថានជិត២០កន្លែង

ស្ទឹងត្រែងម÷ន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងចុះពង្រឹងត្រួតពិនិត្យ និងអប់រំពីបញ្ហាមេរោគកូវីស១៩ដល់ម្ចាស់ឱសថស្ថានជិត២០កន្លែងក្នុងខេត្តនេះ ដើម្បីឱ្យចូលរួមប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ឱ្យមានប្រសិទ្ធិភាព។

គណៈកម្មការចម្រុះចុះត្រួតពិនិត្យអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលជម្ងឺឯកជនទាំងអស់ធ្វើការព្យាបាលជម្ងីនិងធ្វើតេស្តរកមេរោគ(កូវីដ១៩) និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។

ក្នុងសកម្មភាពចុះត្រួតពិនិត្យសម្ភារៈពាក់ព័ន្ធនិងការបង្ការជម្ងឺ(Covid19)នៅថ្ងៃទី៣០ខែមិនាឆ្នាំ ២០២០ លោកវេជ្ជបណ្ឌិត ទន វុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានអន្តរាគមន៍ផ្នែកជំងឺ​ឆ្លងបានបញ្ជាក់ថា៖ឱសថស្ថានជិត ២០ កន្លែងនៅជុំវិញនិងនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ទទួលបានការណែនាំ ហាមលក់ អាលកុលមានសារជាតិមេតាណុល- ឬអេតាណុលខ្លាំងហួសកំរិតចាប់ពី៧០%ឡើង- លក់ម៉ាសតម្លើងថ្លៃ -អះអាងមានថ្នាំព្យាបាលជម្ងឺកូវីដ១៩- និងលក់ឧបករណ៍វាសកម្តៅជម្ងឺកូវីដ១៩ជាដើម ដើម្បីបញ្ជៀសផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកអនុប្រធានមន្ទីរបានបន្តថា៖ អាលកុលលាយជាតិមេតាណុល វាបង្កផលប៉ះពាល់ផ្នែកសុខភាព ដូចនេះម្ចាស់ឱសថស្ថាននីមួយៗដែលនាំយកអាលកុលមកលក់ ត្រូវពិនិត្យស្លាកសញ្ញាឱ្យបានត្រឹមត្រូវ ដែលមានការត្រួតពិនិត្យពីក្រសួងសុខាភិបាល មុនពេលនាំចូលមកលក់។

លោកស្រីថោសុវត្តី ម្ចាស់ឱសថស្ថានសុវិមាននៅក្រុងស្ទឹងត្រែងបានទទួលយកសេចក្តីណែនាំ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រោះនេះជាវិធានការមួយ ក្នុងពេលដែលពិភពលោក កំពុងរីរាល​​ដាលជម្ងឺកូវីដ១៩ ដើម្បីកុំឱ្យជនឆ្លៀតឱកាស ចេះតែប្រព្រឹត្តភាពខុសឆ្គង ទៅនិងការណែនាំបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ក្នុងពេលប្រទេសកម្ពុជា​​យើងរងផលប៉ះពាល់ពីជម្ងឺកូវីតនេះដែរ។

សូមបញ្ជាក់ថា៖ការចុះត្រួតពិនិត្យឱសថស្ថានជិត ២០ កន្លែងនោះមានគណៈកម្មការចម្រុះរួមមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងមន្ត្រីមន្ទីរសុខាភិបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធក្រុងស្ទឹងត្រែង តែការចុះពិនិត្យនេះមិនត្រូវបានរកឃើញ និងដកហូតអ្វីដែលខុសច្បាប់នោះទេ៕

You might like