ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ដើម្បីជាការចូលរួមចំណែកជាមួយក្រសួង អប់រំ យុវជន និងកីឡា ក្នុងការបង្រៀនតាម E-Learning នៅដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជន ទូទាំងប្រទេស ដោយសារបញ្ហាជំងឺកូវីដ-១៩នោះ ក្រសួងព័ត៌មានបានរៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning និងគ្រោងដាក់ឱ្យដំណើរការកម្មវិធីនេះ ដើម្បីផ្ដល់ឱ្យសិស្សានុសិស្សអាចរៀនដោយខ្លួនឯងបានតាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ។
ក្នុងកិច្ចប្រជុំជាលើកទី២ ដើម្បីពិនិត្យត្រៀម រៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា នៅក្នុងដំណាក់កាល ដែលមានការបិទសាលា រៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីការឆ្លងនៃ មេរោគកូវីដ-១៩ ហើយសិស្សានុសិស្សមិនបានមករៀននៅសាលានោះ ក្រសួងព័ត៌មាន បានរៀបចំជាកម្មវិធីបង្រៀននៅតាមប្រព័ន្ធចំនួនពីរ ទី១ តាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ដែលផ្តល់ភាពងាយស្រួលឱ្យសិស្សានុសិស្ស អាចបើកមើលតាមរយៈទូរទស្សន៍ ទូរសព្ទដៃ ដែលមានប្រព័ន្ធអ៊ិនធឺណេត និងតាមបណ្តាញផ្កាយរណបរបស់ តេជោ DTV ដែលមាននៅកម្ពុជា។ ទន្ទឹមនេះ ទូរទស្សន៍ DTV នេះគឺមានភាពងាយស្រួលឱ្យក្មួយៗសិស្សានុសិស្សបើកមើលបានដោយមិនចាំបាច់ប្រើអ៊ិនធឺណេត។ ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចការងារនេះធ្វើឡើងជាការចូលរួមចំណែកជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងធ្វើការបង្រៀនតាមរយៈ App ផ្លូវការរបស់ខ្លួនផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈកម្មវិធីទាំងពីរដែលក្រសួងព័ត៌មាន បាន បង្កើតឡើងនេះ មិនត្រឹមតែជាការបង្រៀនមេរៀនដល់កូនសិស្សនោះទេ តែក៏ជាប្រព័ន្ធជូន ដំណឹងដល់ប្រជាពលរដ្ឋ ឱ្យបានដឹងនូវរាល់ដំណឹងថ្មីៗ ទាន់ហេតុការណ៍ ហើយទុកចិត្តបាន ព្រោះវាមានសារៈសំខាន់ណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ក៏ដូច ការផ្តល់ភាពកក់ក្តៅជូនដល់ប្រជាជន កុំឱ្យជឿលើដំណឹងមិនពិតបា្រកដ។ ឯកឧត្ដមបានបន្ថែមថា នៅពេលសាលារៀនបើកដំណើរការឡើងវិញក៏ដោយ ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ក៏ នៅតែផ្សាយកម្មវិធីអប់រំផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីទុកជាប្រយោជន៍ដល់អ្នកសិក្សា ស្រាវជ្រាវ ដែលអាចស្វែងរកឯកសារបាន តាមរយៈកម្មវិធីរបស់ក្រសួងព័ត៌មាន បានបង្កើតឡើងនោះ។
ឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាអ្នកដឹកនាំរៀបចំកម្មវិធី ទូរទស្សន៍ដៃវៃឆ្លាតរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅពេលដែលសិស្សានុសិស្ស អាណាព្យាបាល និង បងប្អូនប្រជាពលរដ្ឋ ធ្វើការទាញយកកម្មវិធី App របស់ក្រសួងព័ត៌មាន ដាក់ក្នុងទូរសព្ទស្មាត ហ្វូនរបស់ខ្លួន គឺអាចបើកមើលបាននូវការផ្សាយគ្រប់បណ្តាស្ថានីយ៍ វិទ្យុ និងទូរទ្សន៍ ក្នុងស្រុក និងកាសែតនានាផងដែរ ជាពិសេសកម្មវិធីបង្រៀនពីចម្ងាយ E-Learning ដែលអាចបើកមើល បានការបង្រៀន តាមប្រព័ន្ធនេះដោយមិនគិតថ្លៃ។ ជាមួយគ្នានេះ ប្រព័ន្ធនេះ ក៏មានភាពងាយស្រួល ទាញយកឯកសារ មករក្សាទុកបានគ្រប់ពេលវេលាទាំងអស់ នៅពេលគម្រោងកិច្ចការងារនេះ ដំណើរការទៅ។
ឯកឧត្ដម បាន ភុធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានគ្រប់គ្រងក្រុមហ៊ុនទូរទស្សន៍ Satellite តេជោ DTV ប្រចាំកម្ពុជាបានបញ្ជាក់ពីកិច្ចសហការជាមួយក្រសួងព័ត៌មាន កម្ពុជា ក្នុងការបង្រៀនពីចម្ងាយ E-Learning តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍ តេជោ DTV ដែលពេលនេះខាងក្រុមហ៊ុន បានត្រៀមរួចរាល់អស់ហើយ ក្នុងការជួយលើផ្នែកបច្ចេកទេសការផ្សាយតាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ឯកឧត្ដមបានជម្រាប ជូនដែរថា កិច្ចការងារនេះ គឺធ្លាប់បានធ្វើនៅក្នុងប្រទេសថៃកាលពីជាង១០ ឆ្នាំមុន ហើយ ទទួលបានជោគជ័យ។ ឯកឧត្ដមបានបន្ដទៀតថា ក្រុមហ៊ុនឯកឧត្ដមបានធ្វើកិច្ចសហការជាមួយក្រុមការងារ App ក្រសួងព័ត៌មាន ដើម្បីផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋដោយសារបច្ចុប្បន្ននៅកម្ពុជា មានអតិថិជនប្រើប្រាស់ប្រព័ន្ធ ទូរទស្សន៍ Satellite តេជោ DTV ចំនួនប្រមាណ ៨ សែនគ្រឿង ហើយបើគិតអ្នកដែលទស្សនាវិញគឺមានប្រមាណជិត ៣ លាននាក់៕