លោកហ៊ាង ហៅហ៊ាងក្បាលដែក បើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោងបើកលេងទ្រង់ទ្រាយធំយ៉ាងរលូន ព្រោះគ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ណាចាត់វិធានការបង្ក្រាបឡើយ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងដីឡូត៍មួយកន្លែងនៅភូមិប្រជាធម្មកើតមានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀ អាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូន ព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់សង្វៀនបញ្ជល់មាន់មានឈ្មោះ ហ៊ាង ហៅហ៊ាងក្បាលដែក ដែលមានខ្នងបង្អែករឹងមាំអាចបើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោងក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏ដូចជាអធិការនគរបាលក្រុងប៉ោយប៉ែត និងមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងបណ្តាយឲ្យឈ្មោះហ៊ាងក្បាលដែក ធ្វើអ្វីៗតាមអំពើចិត្ត។

បើតាមការបង្ហើបពីអ្នកធ្លាប់ចូលទៅដល់សង្វៀនជល់មាន់និងវង់បៀអាប៉ោងក្នុងភូមិប្រជាធម្មកើត បានឲ្យដឹងថា មានមន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថជាន់ខ្ពស់ក្នុងខេត្តបន្ទាយមានជ័យ ធ្វើជាខ្នងបង្អែករបស់ឈ្មោះ ហ៊ាងក្បាលដែក ទើបបុគ្គលនោះអាចបើកល្បែងស៊ីសងក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្រុងប៉ោយប៉ែត ជាបន្ទាន់។ ដោយហេតុថា លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនយកចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ៕

You might like