នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ខេត្ត​ កំពង់​ធំ​នឹងត្រូវដកចេញពីមុខដំណែង​

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានអោយដឹងថា​ ពាក់ព័ន្ធ​នឹង​អំពើ​ល្មេីស​ច្បាប់​របស់​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ ដែល​បេីកបររថយន្ត​ក្នុងស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ចរាចរណ៍នៅ​ រង្វង់​មូល​អាចារ្យ​លាក់​ ហេីយស្រែកជេរប្រមាថ​ ឯកឧត្ដម​ អភិបាល​ខេត្ត​កំពង់​ធំ​ ដោយពាក្យ​អសុរោះ​នោះ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់​ដោយ​មិនលេីកលែងឡេីយ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ បានអោយដឹងថា​ វិធានការណ៍​ដំបូង​គឺដកតួនាទី​មុខ​តំណែង​ពី​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ។ ចំពោះ​ចំណាត់​ការ​បន្តបែបណាទៀតនោះ​ គឺថ្នាក់ដឹកនាំនឹងសម្រេច​បន្ថែមនៅពេលក្រោយ​ ។

ទង្វើ​របស់​លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បេីកបររថយន្ត​ក្នុងស្ថានភាពស្រ​វឹង​បង្ករអោយ​មានគ្រោះថ្នាក់ចរាចរណ៍គឺកេីត​មានឡេីង​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ ជា​ពិសេស​ ក្រសួង​មហាផ្ទៃ​ និង​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ កំពុង​បេីកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍​ទូទាំង​ប្រទេស​ ។

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានធ្វើ​ការក្រេីនរំលឹក​អប់រំ​ ណែនាំ​ ជាប្រចាំ​ចំពោះ​មន្ត្រី​នគរបាល​ដេីម្បី​ធ្វើ​ជា​គំរូ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ មិនគាំទ្រ​ មន្ត្រី​នគរបាល​ទាំងឡាយ​ណា​ ដែល​មានកំហុស​ធ្វេីអោយប៉ះពាល់​ដល់​កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ​នោះទេ​ ជាពិសេស​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ឡេីយ​ ។

ជាក់ស្ដែង​កន្លងមក​អធិការ​រងស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ ដែល​អនុវត្ត​ន៍​លេីសគោលការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ក្រសួងមហាផ្ទៃ​ ធ្វើ​អោយប៉ះពាល់​ដល់សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ ​ ត្រូវ​បាន​ដកបញ្ឈរជេីង​តែម្ដង​ ។

គួរបញ្ជាក់ថា​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ ទេីបទទួលបាន​ប្រកាស​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ​ កន្លងមក​ថ្មី​ៗនេះទេ​ ដោយសារតែ​លោកវរៈសេនីយ៍​ឯក​ ធ្វេសប្រហែស​ក្នុង​ការអនុវត្តភារកិច្ចរបស់ខ្លួន​ ។

You might like