ភ្នំពេញ ៖ អតីតតារាសម្តែងដ៏ល្បីក្នុងទស្សវត្សរ៍ឆ្នាំ៩០លោក យស បូវណ្ណៈ បានបង្ហាញពីស្ថានភាពសុខភាពក្រុមគ្រួសាររបស់លោក ក្នុងពេលដែលរហូតមកទល់ពេលនេះស្ថានការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក មានសភាពនៅតែធ្ងន់ធ្ងរនៅឡើយ។
ការចេញមុខមកបញ្ជាក់ពីបញ្ហាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារពីលោក យស បូវណ្ណៈ នាពេលនេះបានធ្វើឡើងឆ្លើយតបទៅនឹងការចង់ដឹងពីបណ្តាអ្នកគាំទ្រលោកនៅឯប្រទេសកម្ពុជា ដោយសារតែពេលនេះ លោក និងក្រុមគ្រួសារកំពុងតែរស់នៅក្នុងទឹកដីអាមេរិក។
ជុំវិញបញ្ហាខាងលើនេះ លោក យស បូវណ្ណៈ បានអះអាងថា មកទល់ពេលនេះ រូបលោក និងក្រុមគ្រួសារទាំងអស់គ្នាសុខសប្បាយជាទេ ពោលគឺមិនមែនឆ្លងនូវជំងឺមួយនេះឡើយ។
លោកថា ជំអឺដ៏សែនកាចសាហាវមួយដែលកំពុងតែសំឡុតចម្លងរាតត្បាតជុំវិញពិភពលោក (គឺកូវីដ១៩) តែក្រុមគ្រួសាររបស់ខ្ញុំ បានសេចក្តីសុខសប្បាយ និងសុខភាពល្អមាំមួន ទាំងអស់គ្នាទេ។
យ៉ាងណាក៏ដោយ បើទោះបីជារូបលោក និងក្រុមគ្រួសារ មិនបានឆ្លងនូវជំងឺដ៏កាចសហាវមួយនេះក៏ដោយ ប៉ុន្តែក្រុមគ្រួសាររបស់លោកនៅតែមិនភ្លេចនូវការការពារដោយការបិទម៉ាស់ និងសម្អាតដៃគ្រប់ពេលដែលមានការចេញដើរហើរនៅតាមទីកន្លែងសាធារណៈមួយចំនួន។
លោក យស បូវណ្ណៈ ក៏បានផ្ញើការនឹករលឹកនិងការជូនពរ បងប្អូនប្រិយមិត្ត និងក្រុមគ្រួសារខ្មែរទាំងអស់ សូមបានសេចក្ដីសុខសប្បាយ សុខភាពល្អមាំមួន ជួបតែសុភមង្គលក្នុងរង្វង់គ្រួសារ និងជោគជ័យគ្រប់ភារកិច្ច និងសំណាងល្អៗ។
ជាការកត់សម្គាល់ ក្នុងពេលដែលជំងឺកូវីដបានរីករាលដាលកាន់តែខ្លាំងនៅសហរដ្ឋអាមេរិកនោះលោក យស បូវណ្ណៈ ធ្លាប់បានលើកឡើងថា រាល់ការងាររបស់លោកដែលត្រូវរាំច្រៀងតាមភោជនីយដ្ឋាននោះ គឺត្រូវបានផ្អាកទាំងស្រុងក្នុងពេលដែលគម្រោងនៃពិធីរៀបចំការសម្តែងនានាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ ក៏ត្រូវបានលុបចោលទាំងអស់ផងដែរ។
ទោះជាយ៉ាងណា លោកមិនមានចិត្តសោមនស្សអ្វីឡើយ ដោយសារតែលោក និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានមករស់នៅសហរដ្ឋអាមេរិក ត្រូវមានកាតព្វកិច្ចចូលរួមជាមួយរដ្ឋាភិបាលគេ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
បើតាមលោក យស បូវណ្ណៈ ចាប់តាំងពីមានការកើតជំងឺនេះឡើង លោកហាក់នៅមិនទាន់បានទទួលព័ត៌មានណាមួយដែលបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនេះបានកើត និងឆ្លងនូវជំងឺនេះនៅឡើយទេ ដោយសារយើងមានការការពារបានខ្ជាប់ខ្ជួន៕