ម្ដាយយំបោកខ្លួន ក្រោយជិះម៉ូតូដួលរបូតកូនប្រុសអាយុ ២ឆ្នាំធ្លាក់ចូលទឹកទន្លេបាត់រកមិនឃើញ,,

កណ្តាល៖ ស្ត្រីម្នាក់បានជិះម៉ូតូឌុបកូនអាយុ ២ឆ្នាំ ឆ្លងស្ពានដែលកំពុងសាងសង់ ដើម្បីយកបាយឲ្យគេ លុះពេលធ្វើដំណើរដល់ពាក់កណ្តាលស្ពាន ក៏រអិលដួលម៉ូតូបណ្តាលឲ្យធ្លាក់កូន ចូលទៅក្នុងទឹកទន្លេ មកដល់ពេលនេះ រកមិនទាន់ឃើញនៅឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោងជាង ៦ព្រលប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្ពានកំពុងសាងសង់ ឆ្លងពីសង្កាត់សិត្បូ ទៅសង្កាត់កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះខាងលើមានឈ្មោះ ស្រូយ មានហេង ភេទប្រុសអាយុ ២ឆ្នាំ ឪពុកឈ្មោះ ស្រីម ស្រូយ អាយុ ២៧ឆ្នាំ និងម្តាយឈ្មោះ មាស ស្រីណែត អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ម្តាយរបស់ក្មេងរងគ្រោះបានជិះម៉ូតូឌុបកូនពីផ្ទះ ឆ្លងស្ពានទៅសង្កាត់កោះអន្លង់ចិន ដើម្បីយកបាយទៅឲ្យតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបឲ្យ។ លុះពេលធ្វើដំណើរដល់ពាក់កណ្តាលស្ពាន ក៏បានរអិលដួលម៉ូតូ បណ្តាលខ្ទាតកូនអាយុ២ឆ្នាំ ធ្លាក់ចូលទៅក្នុងទឹកទន្លេតែម្តង។

មកដល់ពេលនេះពុំទាន់រកឃើញក្មេងរងគ្រោះនៅឡើយ។ ខណ:ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ បាននឹងកំពុងស្វែងរកសាកសពក្មេងប្រុសខាងលើនេះ៕

You might like