ក្រុងសៀមរាប:នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលក្រុង សៀមរាប និងសង្កាត់ស្លក្រាម សង្កាត់សាលាកំរើក ដឹកនាំ ដោយលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានការចូលរួមពី ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប បានចុះត្រួពិនិត្យទីតាំង ត្រៀមបេីកផ្លូវចំនួន០២ខ្សែរឡើងវិញ ដែលផ្លូវទី០១មានប្រវែង១០០០ម៉ែត្រ ទទឹង១៥ មែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ៧មករា និង០១ខ្សែរទៀតប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវវត្តបូព៍ រហូតដល់ផ្លូវ៧មករា ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម នឹងភូមិវត្តបូព៍ សង្កាត់សាលាកំរេីក ក្រុង/ខេត្តសៀមរាប ។
ក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងត្រៀមបេីកផ្លូវឡើងវិញនេះដែរ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន តាមបណ្តោយផ្លូវទាំង០២ខ្សែរនេះ និងបានជម្រាបជូនដំណឹងអំពី គម្រោងដែល រដ្ឋបាលក្រុងសៀមរាប ត្រៀមបើកផ្លូវ និងអភិវឌ្ឍន៍ ដើម្បីបំរើ ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកសោភណ្ឌ័ភាព ក្រុងជាពិសេសគឺរួមចំណែកដោះស្រាយនូវបញ្ហាកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប យើងផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន តាមបណ្តោយផ្លូវទាំង០២ខ្សែរនេះ បានសម្តែងការគាំទ្រ និងស្នើរអោយរដ្ឋបាលក្រុង ពន្លឿនការអនុវត្តន៍គម្រោងនេះ អោយបានលឿនកាន់តែល្អ ផងដែរ៕