ខេត្តពោធិ៍សាត់ ៖ រន្ទះកំណាច បាញ់ឆក់យកជីវិតសត្វគោ ០៦ក្បាល ដែលពួកគេកំពុងស៊ីស្មៅ។ ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទី ស្ថិតត្រង់ចំណុចកោះយ៉ា ក្នុងភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញផ្ទៃមេឃមានពណ៌ខ្មៅ លាយឡំនឹងខ្យល់បក់រវិចៗ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមេឃធ្លាក់ភ្លៀង រីឯសត្វគោ ០៦ក្បាល ក៏កំពុងដើរស៊ីស្មៅជាធម្មតា ចៃដន្យអាក្រក់សត្វគោទាំងនោះ ក៏ត្រូវរន្ទះកំណាច បាញ់សម្លាប់ទាំងអស់ ធ្វើម្ចាស់របស់វាមានការស្តាយស្រណោះយ៉ាងពន់ពេក។
តាមការរៀបរាប់របស់លោក គង់ ហុង អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាម្ចាស់សត្វគោ បានឲ្យដឹងថា ក្នុងចំណោមសត្វគោរបស់គាត់ ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោល ២ក្បាល ក្រៅពីនោះសុតតែញី៕