(ភ្នំពេញ)៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានដាក់គោលដៅពង្រឹងប្រព័ន្ធការពាររបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីត្រៀមស្វាគមន៍ការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា ដែលគ្រោងចាប់ផ្ដើមការប្រកួតនាដើមខែកក្កដា។ នេះបើតាមការបញ្ជាក់របស់គ្រូបង្គោលលោក មាស ចាន់ណា។
លោក មាស ចាន់ណា បានឲ្យដឹងថា ក្រោយចាប់ផ្ដើមបាន ៤ប្រកួតនាដើមរដូវកាលឆ្នាំ២០២០ លោកសង្កេតឃើញប្រព័ន្ធការពារក្រុមខ្លួន នៅមានបញ្ហាច្រើន ដោយរបូតគ្រាប់បាល់គ្រប់ប្រកួត។ លោកថា «អ្វីដែលជាបញ្ហា ក្រោយពួកយើងឆ្លងកាត់ ៤ប្រកួត គឺទាំងពីរតែម្ដង ទាំងប្រយុទ្ធ និងការពារ គ្រាន់តែប្រយុទ្ធរាងល្អច្រើន តែការពារ យើងមានបញ្ហាស្ទើររាល់ប្រកួត គេតែងស៊ុតចូល ចឹងយើងនឹងពង្រឹងការពារឲ្យបានខ្លាំង មុនលីគត្រឡប់មកវិញ»។
បន្ថែមលើនេះ លោកក៏បានបង្ហាញពីកង្វល់មួយចំនួន ក្រោយការហាត់ និងការប្រកួត ត្រូវបានពន្យារពេល ដោយសារវិបត្តិកូវីដ-១៩ (COVID-19) ផងដែរ ព្រោះជាទម្លាប់ណាហ្គាវើលដ៏ តែងធ្វើមិនសូវបានល្អ នៅពេលចាប់ផ្ដើម ដូច្នេះពេលលីគត្រឡប់មកវិញ លោកក៏បារម្ភដែរ។ តែយ៉ាងណាលោកសង្ឃឹមកូនក្រុមខ្លួន នឹងព្យាយាមធ្វើបានល្អតាមផែនការ ដ្បិតពួកគេបានខំប្រឹងហ្វឹកហាត់ខ្លួនឯងជាប្រចាំ អំឡុងពេលសម្រាកជាង ២ខែកន្លងទៅ។
គ្រូបង្វឹកកម្រិត A-License ដដែលបន្ដថា «ចំពោះក្រុមខ្ញុំ ជាទូទៅ ខ្ញុំតែងចំណាំ ២ ឬ ៣ប្រកួតដំបូង គឺពិបាក ហើយប្រកួតក្រោយៗទៀត ទើបល្អទៅៗ។ ឥឡូវការព្រួយបារម្ភរបស់ខ្ញុំ យើងត្រឡប់មកវិញ អញ្ចឹងខ្ញុំបារម្ភប្រកួតទី១ ឬប្រកួតទី២ របស់ខ្ញុំនៅថ្ងៃលីគបន្ទាប់ គឺអត់សូវល្អ តែចាប់ពីប្រកួតទី៣ ឬទី៤ ទៅ វាចាប់ផ្ដើមល្អវិញ។ នេះជាការព្រួយបារម្ភ តែបើយើងលេងរហូតមកតែម្ដង ខ្ញុំអត់បារម្ភទេ។ តែចាំបាច់ ខ្ញុំនឹងខំពង្រឹង ដើម្បីល្អពីឥឡូវទៅឲ្យហើយ»។
គួរបញ្ជាក់ថា មុនលីគសម្រាក ដើម្បីការពារជំងឺកូវីដ-១៩ ណាហ្គាវើលដ៏ បានឆ្លងកាត់ ៤ប្រកួត ជាមួយលទ្ធផលឈ្នះ២ និងស្មើ២ រកបាន ៨ពិន្ទុ ស្មើក្រុមបឹងកេត អង្គរថាយហ្គឺរ និងក្រសួងការពារជាតិ ដោយឈរលេខរៀងទី៦ បណ្ដោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលរកបាន ១៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះ៤ និងស្មើ១៕