(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបញ្ជាក់ថា តង់ចំនួន៨កន្លែងដែលវៀតណាម បានបោះតង់ជាប់ព្រំដែនកម្ពុជានាពេលកន្លងទៅគឺមិនមែនជាតំបន់សឡើយ ពោលជាតំបន់ដែលមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន។
ក្នុងឱកាសអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយនគរបាលជាន់ខ្ពស់-នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានលើកឡើងថា ក្នុងនាមជានគរបាលជំនាញព្រំដែនមិនត្រូវយល់ច្រឡំនោះទេ ខណៈមានមតិខ្លះថា ការបោះតង់ពីសំណាក់ភាគីវៀតណាមនាពេលកន្លងទៅជាប់នឹងព្រំដែនប្រទេសកម្ពុជាថា ជាតំបន់ស គឺមិនមែនទេហើយត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងឃើញថានៅព្រំដែនជាមួយនឹងប្រទេសវៀតណាម យើងមើលឃើញថា មានចំនួនបោះតង់ប្រាំបីត្រូវបានរើចេញ ហើយបានដកថយទៅក្រោយវិញ ប៉ុន្តែពីមុនពួកគេបានមកបោះគៀកនឹងព្រំដែន ហើយការគេបោះនោះយើងមិនអាចនិយាយថា ជាតំបន់សនោះទេ ពីព្រោះថា វាមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែង។ ដូច្នេះហើយក្នុងរយៈពេលកន្លងទៅនេះឃើញមានសាធារណមតិមួយចំនួនគាត់បានលើកឡើងថា ជាតំបន់ស តែតាមពិតទៅវាមិនមែនជាតំបន់សទេ វាគឺជាតំបន់ដែលមិនទាន់មានការឯកភាពគ្នាក្នុងការវាសវែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន»។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបន្ថែមថា ចាប់តាំងពីករណីជំងឺ COVID-19 ភាគីវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន២៥៦កន្លែង នៅតាមខេត្តមួយចំនួនដែលជាប់នឹងព្រំប្រទល់ ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលរបស់កម្ពុជា វៀតណាមបានសម្រេចរើចេញ និងដកថយជាច្រើនកន្លែងវិញ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានក្រើនរំលឹកនគរបាលព្រំដែនទាំងអស់ថា ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវការពារឲ្យបានដាច់ខាត់នូវបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកម្ទេចចោលពួកអមិត្តទាំងអស់ ដែលមានចេតនាចង់បំផ្លិតបំផ្លាញជាតិ៕