ក្រុងទី ៣ គឺជាគម្រោងដ៏ធំក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តកណ្តាលលើវិស័យអចលនទ្រព្យ

អភិបាលខេត្តកណ្តាលបានអះអាថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺជាគម្រោងដ៏ធំមួយទៀត ក្រៅពីគម្រោងព្រលានយន្តហោះអន្តរជាតិនៅក្នុងខេត្ត សម្រាប់ការទាក់ទាញអ្នកវិនិយោគឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះឱ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលបាននឹងកំពុងសាងសង់ និងមានវឌ្ឍនភាពទៅមុខនេះ គឺជាការចូលរួមអភិវឌ្ឍន៍យ៉ាងធំនៅក្នុងខេត្តកណ្តាល ម្យ៉ាងទៀតគម្រោងនេះ គឺជាការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់ផងដែរ។

លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ បាននឹងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្តកណ្តាល ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និង រោងចក្រសហគ្រាសជាច្រើនផងដែរ”។

លោកបន្ថែមថា “គម្រោងផ្លូវនេះ អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត ។ ជាមួយគ្នានេះ អាជ្ញាធរបាននឹងកំពុងពន្លឿងនៃការដោះស្រាយលើផលប៉ះពាល់ផ្សេងៗរបស់ពលរដ្ឋដើម្បីឱ្យគម្រោងនេះ បញ្ចប់ទៅតាមផែនការ”។

ផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សម្រេចការសាងសង់បានជា៣៧ភាគរយហើយ។ តាមគម្រោងផ្លូវដ៏សំខាន់នេះ នឹងប្រើរយៈពេល៤២ខែក្នុងការស្ថាបនា ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ ដោយតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដូចគ្នា និងមានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ៕

You might like