លោក ចៅ នុន មេឃុំបាបោង ស្រុកពាមរ៏ រងការចោទប្រកាន់ពីពលរដ្ឋថា ជីកស្តារដីសាធារណៈរបស់រដ្ឋយកអាចម៏ដីលក់ ជ្រកក្រោម លេសស្តារយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយគ្មានការឯកភាពពីថ្នាក់លើ និងគ្មានច្បាប់អនុញាតិ

ព្រៃវែង៖ ប្រជាពលរដ្ឋមួយចំនួនបានរិះគន់ចំៗទៅលើ លោក មេឃុំបាបោង ស្មៀន និងក្រុមប្រឹក្សា ស្រុកពាមរ៏ថា បានជីកស្តារដីបឹងសាធារណៈរបស់រដ្ឋ យកអាចម៏ដីលក់ ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរ៏ ដើម្បីបំរើតែបក្សពួកខ្លួន​​ តែមួយក្តាប់តូចប៉ុណ្ណោះ ដោយមិនបានរាយការណ៏ និងឯកភាពពីថ្នាក់លើ ទោះបីមានបំរាមហាមឃាត់ពី លោកស្រី ស្រេង ទាង អភិបាលស្រុក ជាច្រើនដងយ៉ាងណាក៏ដោយ នៅតែមិនស្តាប់ ដោយសំអាងជីកស្តារជ្រកក្រោមលេសយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់នោះគឺមិនខុសច្បាប់ឡើយ ហើយបើយោងតាមច្បាប់រ៉ែ ការជីកស្តារត្រូវតែបង់សួយសារជូនរដ្ឋ ទោះបីស្តាជូនប្រជាពលរដ្ឋប្រើប្រាស់ តែបើមិនស្តារជូនប្រជាពលរដ្ឋទេ គឺត្រូវតែមានច្បាប់អនុញាតិពីអាជ្ញាធរ ពាក់ពន្ធ័ ១ហិកតាមានការទទួលស្គាល់ត្រឹមខេត្ត បើលើសពី១ហិកតា គឺដល់ក្រសួង មិនមែនការជីកស្តារទទួលស្គាល់ត្រឹមឃុំ និងបក្សពួកខ្លួននោះទេ ហើយឃុំមានសិទ្ធអនុញាតិបានត្រឹមតែដីបកប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានបន្តរថា ស្មៀន និង លោក មេឃុំ ព្រមទាំងក្រុមប្រឹក្សាឃុំ គឺជាដៃគូរស្អិតល្មួត នៅពេលដែលពលរដ្ឋទៅ ធ្វើលិខិតស្នាមផ្សេងៗ បើមិនមានលុយក្រោមតុ ទេ គឺឯកសារមិនគ្រប់រហូត ខ្វះនេះខ្វះនោះ និងមើលលើ មើលក្រោម វាហាក់បីដូចពលរដ្ឋរបស់ខ្លួនក្នុងមូលដ្ឋាន គឺម្ហូបរបស់ពួកគេដូចច្នេះអញ្ចឹង ដូចនេះ ពលរដ្ឋសូមសំណូមពរដល់ លោក ស្រី ស្រេង ទាង អភិបាលស្រុក មេត្តាពិនិត្យ នូវមន្ត្រីនយោបាយថ្នាក់មូលដ្ឋានរបស់លោកស្រីផង មន្ត្រីគឺជាអ្នកបំរើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ នេះគឺជាអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ហើយម្យ៉ាងបើយោងតាមអនុសាសន៏របស់សម្តេចក្រហោម ស ខេង លោកមានប្រសាសន៏ថា បើធ្វើធំបំរើតែផលប្រយោជន៏គ្រួសារ និងបក្សពួកខ្លួន មិនចាំបាច់អីចង់ធ្វើធំនោះទេ ចុះចេញទៅ ទុកអោយអ្នកផ្សេងធ្វើម្តង។

ដូចជានៅពេលនេះលោក មេឃុំ ស្មៀន ព្រមទាំងក្រុមប្រឹក្សា បានត្រូវរ៉ូវគ្នាជាមួយឈ្មួញជិកកាយដីសាធារណៈរបស់រដ្ឋ ធ្វើមានធ្វើបានតែបក្សពួកខ្លួនតែប៉ុណ្ណោះ ដោយយកលេសជីកស្តារដើម្បីយកទឹកជូនប្រជាពលរដ្ឋ វាហាក់បីដូចជាកន្ទេលធំបន្លំដេកដូចច្នេះឯង។

ពាក់ពន្ធ័និងរឿងរ៉ាវដែលពលរដ្ឋបានលើកឡើងនេះ អង្គភាព សេរីភាពខ្ញុំសារព័ត៌មាន មិនអាចសុំការបំភ្លឺពី លោក មេ ឃុំបាបោង និងលោក ស្រី ស្រេង ទាង អភិបាលស្រុកពាមរ៏ ព្រមទាំងលោក ជា កក្កដា ប្រធានមន្ទីររ៉ែ​និងថាមពល ខេត្តព្រៃវែងបានឡើយ ដោយទូរសព្ទ័ចូល៣ដង តែមិនលើក ហើយអង្គភាពយើងខ្ញុំរង់ចាំបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ៕

You might like