ក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ សាលាស្រុកឆ្លូងបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកឆ្លូង ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំនិងមេភូមិផងដែរ។
យោងប្រកាសលេខ២៦០៩ប្រក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រូវបានផ្ទេរភារកិច្ច
១-លោក ឥម ធីរិន ឋានន្តរស័ក្តនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងស្រុកសំបូរ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកឆ្លូង។
២-លោក អ៊ួង សម្បត្តិ ឋានន្តរស័កនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងស្រុកចិត្របុរីឲ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកឆ្លូង។
បន្ទាប់ពីការធ្វើការប្ដេជ្ញាចិត្តរបស់លោកអភិបាលរងស្រុកទើបតែងតាំងថ្មីរួច ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំដល់មន្រ្តីអាជ្ញាធរស្រុក ត្រូវឧស្សាហ៍ចុះមូលដ្ឋានប្រជាពលរដ្ឋឲ្យបានគ្រប់តំបន់ ក្នុងអាណត្តិដែលខ្លួនកំពុងទទួល ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីភូមិសាស្រ្ត និងស្ថានភាពផលលំបាករបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយប្រកដោយភាពម៉ើងមាត់ តម្លាភាព និងប្រសិទ្ធភាពការងារ និងពង្រឹងលើភារកិច្ចការងារមន្រ្តីក្រោមឱវាទ -ត្រូវសាមគ្គីផ្ទៃក្នុងប្រកបដោយស្របច្បាប់ -ក្រោយការស្រុះស្រួលគ្នាត្រូវរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនប្រកបដោយសន្តិសុខ និងស្ថិរភាព -បន្តដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមូលដ្ឋាន -ត្រូវមានការឯរាជ្យអធិបតិ -ត្រូវអប់រំពលរដ្ឋខ្លួនឲ្យចូលរួមថែរក្សាការពារសមិទផលនានាក្នុងមូលដ្ឋាន និងរក្សាសន្តិភាព ទប់ស្កាត់ការផ្តួលរលំរដ្ឋាភិបាល -ស្វែករកដៃគូរអភិវឌ្ឍន៍មូលដ្ឋាន -ត្រូវលើកកម្ពស់ការងារវេទិការសាធារណះ ដោយផ្តោតលើការគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក -ពង្រឹងការងារអន្តោប្រវេស ផ្អែកលើឯកសារស្របច្បាប់ -លើកកម្ពស់ការការពារធនធានធម្មជាតិ ដោយមានការសហការគាំទ្រពីពលរដ្ឋមូលដ្ឋាន ជៀសវាងការរំលោភបំពាន -ត្រូវផ្សព្វផ្សាយពីការការពារទប់ស្កាត់ និងអនាម័យបរិស្ថានពីការកើតជម្ងឺគ្រុនឈាម ហើយមន្ត្រីអាជ្ញាធរមិនត្រូវសេព និងជួញដូរគ្រឿងញៀន ឬមិនអន្តរាគមន៍លើករណីគ្រឿងញៀននោះឡើយ ។
ឯកឧត្តមអភិបាលខេត្តបានស្នើដល់គណៈអភិបាលស្រុក និងកងកម្លាំង គ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ហើយក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុកត្រូវចាត់មន្ត្រីជំនាញចុះធ្វើការពិនិត្យជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់ បើក្នុងករណីមានការសង្ស័យត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់៕