ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងនាំយកទៀនព្រះវស្សានិងទេយ្យវត្ថុរួម ទាំងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន០៧ វត្ត ឋិតក្នុងទឹកដីរួមខេត្តសៀមរាប

សៀមរាប៖ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន

ដឹកនាំគណៈប្រតិភូក្រសួងនាំយកទៀនព្រះវស្សានិងទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន ០៧ វត្តដែលរួមមាន៖ ទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម វត្តព្រះព្រហ្មរ័ត្ន វត្តបូណ៍ វត្តឥន្ទបត្តបុរីអង្គរ ខាងជើង វត្តឥន្ទបត្តបុរីអង្គរខាងត្បូង វត្តព្រះក្រាល និងវត្តព្រះអង្គធំ ឋិតក្នុងទឹកដីខេត្តសៀមរាប។

ពិធីប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុទាំងនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង សាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងមានការប្រារព្វពិធីតាមបែប ព្រះពុទ្ធសាសនាដូចជា៖ ធ្វើកិច្ចនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃផងដែរ។

ពិធីនេះរៀបចំឡើងដើម្បីថ្វាយប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់តាមតម្រូវការខណៈពេលដែលព្រះសង្ឃ នឹងគង់ចាំព្រះវស្សារយៈពេល៣ខែក្នុងរដូវវស្សា មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ទេសនា ដោយ តាំងចិត្តនិមិត្តត្រឡប់មកវិញក្នុងរយៈពេល ៧ថ្ងៃ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និង សាមណេបានរៀនសូត្រធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ទៀនព្រះវស្សា និងទេយ្យវត្ថុដែលត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃចំនួន ៧ វត្ត នាឱកាសនោះ ក្នុងមួយវត្តទទួលបានទៀនវស្សា ផ្កាឈូក ផ្កាម្លិះ ផ្លែឈើ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកក្រូច អង្ករ ប្រេងឆា ស្លាដក ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង ខ្ទឹម តែ ទឹកដោះគោ និងមីម៉ាម៉ា។

ពិធីនេះរៀបចំឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសឱ្យទទួលបានសុខ សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែដឹកនាំមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង សាធារណការ និងដឹកជញ្ជូននាំយកទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅតាមវត្ដ អារាមនានាដើម្បី ចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនាដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ដោយហេតុថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ជួយ យកអាសារគ្នា សាមគ្គីភាពរឹងមាំ និងនាំឱ្យសង្គមរស់នៅដោយសុខដុមរម្យ នាផងដែរ៕

You might like