កង្វល់ និងសំណូមពរ របស់ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ពិសេសប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ២១A ត្រូវបានអភិបាលខេត្តកណ្តាល ធ្វើការសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ ជាមួយម្ចាស់អាជីវកម្មដេប៉ូខ្សាច់ និងការដឹកជញ្ជូនគ្រប់ប្រភេទ

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះលើផ្លូវ បណ្ដាលអោយហុយ ធ្វើអោយស្ទះចរាចរណ៍ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំវេទិកាកិច្ចប្រជុំជាមួយអាជីវករធ្វើអាជីវកម្មដេប៉ូខ្សាច់ ជីករណ្ដៅដីការដឹកជញ្ជូនខ្សាច់ដី ថ្ម គ្រួស ជាមួយអ្នកលក់ដូរតាមចំណីផ្លូវ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង និងប្រជាពលរដ្ឋជាច្រើននាក់។
នៅក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរនៅតាមផ្លូវជាតិលេខ២១A បានថ្អូញថ្អែរពីការលំបាក ក្នុងការធ្វើដំណើរ និងការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលបណ្ដាលមកពីការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះខ្សាច់ ដឹកខ្សាច់សើម ដឹកមិនគ្រប បើកលឿន ធ្វើអោយហុង និងបង្កគ្រោះថ្នាក់ជាញឹកញាប់។
មានប្រសាសន៍ក្នុងពីធី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពអោយបាននូវច្បាប់ និងសារាចរ ស្ដីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ របស់ក្រសួងរ៉ែ និងថាមពល លេខ០៣១០។
ឯកឧត្ដមបន្តថា ម្ចាស់អាជីកម្មទាំងអស់មិនត្រូវដឹកជញ្ជូនដី ខ្សាច់ ឱ្យហួសពីទ្រុងរថយន្តឡើយ និងត្រូវគោរពតាមបទដ្ឋាន នៃការកំណត់កម្រិតផ្ទុករបស់រថយន្ត។ ការដឹកជញ្ជូនតាមរថយន្តតាមផ្លូវ ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចងអោយជាប់ចៀសវាងការធ្លាក់នូវថ្ម គ្រួស ខ្សាច់ និងដីជាដើម។ ត្រូវចូលរួមរក្សាផ្លូវ ដែលកំពុងប្រើប្រាស់ក្នុងការដឹកជញ្ជូន ដោយត្រូវស្រោចទឹកជាប្រចាំ ដោយមិនបង្កឱ្យមានធូលីហុយ ធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរ។
ឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវចុះធ្វើការត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់ និងអាជ្ញាប័ណ្ណរបស់អាជីកម្មទាំងអស់ក្នុងខេត្តកណ្ដាល ហើយក្នុងករណីដែលមានអាជីវកម្មណាដែលមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ត្រូវធ្វើការអប់រំ ណែនាំអោយធ្វើឱ្យត្រូវតាមបច្ចេកទេសត្រឹមត្រូវ ហើយក្នុងករណីទីតាំងរបស់អាជីកម្មមិនសមស្រប ត្រូវធ្វើការផ្លាស់ប្ដូរទីតាំងថ្មី ដើម្បីឱ្យត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស៕

You might like