ប៉ូលិសខេត្តព្រៃវែង អះអាងថា ក្នុងបរិវេណផ្ទះវីឡារបស់ឧកញ៉ា ខ្មៅ មិនមានសៃវៀនជល់មាន់និងវង់ល្បែងស៊ីសង ដូចអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈ ចុះផ្សាយនោះទេ(មានវីឌីអូ)

ព្រៃវែង៖ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ថ្លែងថា នៅក្នុងបរិវេណផ្ទះវីឡារបស់ឈ្មោះ អ៊ាន រឿន ហៅឧកញ៉ាខ្មៅ ឬ ឧកញ៉ាក្មេង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ពុំឃើញមានសៃវៀនជល់មាន់និងវង់ល្បែងស៊ីសង ដូចការចោទប្រកាន់របស់សារព័ត៌មានខ្វះវិជ្ជាជីវៈ នោះទេ ។

លិខិតបំភ្លឺ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តទៀតថា ក្រុមអ្នកសារព័ត៌មានមួយចំនួនតូចខ្វះក្រមសីលធម៌និងវិជ្ជាជីវៈ តែងតែផលិតខ្លឹមសារព័ត៌មាន រូបភាពសកម្មភាពបង្ហោះ បង្កអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់ និង អាជ្ញាធរមូលដ្ឋាន ។

ជាមួយគ្នានេះ សមត្ថកិច្ច អះអាងថា ការធ្វើបែបនេះរបស់អ្នកសារព័ត៌មាន គឺ ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ និង កេងចំណេញតាមរូបភាពផ្សេងៗ ។

ទោះបីយ៉ាងណា សមត្ថកិច្ច សូមអំពាវនាវដល់សាធារណជន និង បណ្តាញសង្គមជៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាព សកម្មភាពបំផ្លើសការពិត ជាហេតុបង្កអោយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និង អាចប្រឈមចំពោះមុខច្បាប់ជាធរមាន ៕

You might like