UPDATE: គ្រោះទឹកជំនន់នៅជប៉ុន៖ មនុស្សស្លាប់កើនដល់៥៥នាក់, ១៣នាក់ទៀតបាត់ខ្លួន

ក្រុមមន្ត្រីនៅក្នុងទីក្រុង គូម៉ាម៉ូតុ (Kumamoto) ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេបានបញ្ជាក់ដែរថាមនុស្ស៥៣នាក់ហើយបានស្លាប់ និង២នាក់ទៀតដែលត្រូវបាន ជួយសង្រ្គោះកាលពីព្រឹកថ្ងៃអង្គារនេះ មិនមានសង្ឃឹមថាពួកគេនៅមានជីវិតនោះទេ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពី ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះគ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេសជាមួយការព្យាករណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តរហូតដល់ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះច្រើនជាង ៤០,០០០នាក់ ក្នុងនោះរួមមានប៉ូលិស និងក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ រួមទាំងឆ្មាំសមុទ្រ និងកងទ័ព ឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។ ប្រជាជនរាប់សែននាក់ ក៏ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លង COVID-19។

គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុនកំពុងស្ថិតនៅក្នុងរដូវភ្លៀង ដែលតែងតែបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ជាញឹកញប់ ដោយកាលពីឆ្នាំ២០១៨ មនុស្សច្រើនជាង ២០០នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសដូចគ្នានេះ៕

You might like