ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ដើម្បីចូលរួមអបអរសាទររុក្ខទិវា ០៩ កក្កដា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ដើម្បីចូលរួមអបអរសាទររុក្ខទិវា ០៩ កក្កដ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង១១ មន្រ្តីរាជការ ក្រុមយុវជន ស.ស.យ.ក និងតំណាងប្រជាពលរដ្ឋសរុបចំនួន៣១១នាក់។

កិច្ចពិធីនាឆ្នាំនេះបានសម្រេចជ្រើសរើសយកទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ឃុំព្រែកអញ្ចាញ ឃុំឫស្សីជ្រោយ និងឃុំព្រែកដំបង ស្រុកមុខកំពូល ដើម្បីធ្វើការដាំដើម ក្ងោកចំនួន ៧០០ដើម ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតងនៅតាមដងផ្លូវជាតិ និងបានធ្វើការដាំជួសដើមឈើនៅតាមបរិវេណភ្នំព្រះរាជទ្រព្យ និងនៅតាមផ្លូវបេតុងចូលវត្តបាក់ណាម។

ទន្ទឹមនឹងនោះខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលបានត្រៀមកូនឈើចំនួន១.៥០០ដើមទៀត រួមមាន ដើមបេង គ្រញូង ធ្នង់ គគីរ ពពេល ឈើទាល ក្ងោក និងខ្នុរ សម្រាប់ចែក​ជូនប្រជាពល​រដ្ឋ​ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីនេះដើម្បីយកទៅដាំនៅតាមគេហដ្ឋាន។

សូមជម្រាបជូនថារុក្ខទិវា ០៩ កក្កដា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ហើយពិធីនេះដែរគឺជាការបន្តដង្ហែរតាមមាគ៌ា និងព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈនៃយើង បានប្រារព្ធធ្វើតាំងពីសម័យសង្គមរាស្ត្រនិយមតរៀងមក ដែលព្រះអង្គបានគាំទ្រនូវសកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងការដាំដើមឈើគ្រប់ប្រភេទនៅទូទាំងប្រទេស។

រហូតមកដល់ពេលនេះក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងចូលរួមអនុវត្តនូវកម្មវិធី និងគំនិតផ្តួចផ្តើមនានាជាច្រើនដើម្បីធ្វើការកែទម្រង់យ៉ាងទូលំទូលាយ និងស៊ីជម្រៅដល់ការគ្រប់គ្រងធនធានធម្មជាតិ ដូចជាវិស័យព្រៃឈើ ជលផល និងវិស័យដីធ្លី ដែលជាភោគទ្រព្យដ៏មានតម្លៃរបស់ជាតិ សំដៅធានាបាននូវចីរភាពខាងបរិស្ថាន និងធនធានធម្មជាតិឲ្យកាន់តែប្រសើរឡើង ព្រោះថាព្រៃឈើជាប្រភពធនធានធម្មជាតិដ៏សំខាន់ ដែលមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ជីវិត ហើយចាំបាច់យើងត្រូវថែរក្សា ការពារ និងប្រើប្រាស់ផលព្រៃឈើឲ្យបានសមស្រប។

ម៉្យាងទៀតការដាំដើមឈើនាឱកាសនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់​ស្ដែង​នូវ​ការ​យកចិត្ដ​ទុកដាក់ដ៏ខ្ពង់ខ្ពស់​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តាក្រុងនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោម ពាក្យស្លោក “ដាំដើមឈើផ្តើមចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE ” ផងដែរ៕

You might like