(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈដែល ក្រសួងមហាផ្ទៃកំពុងពិនិត្យមានជំពូកមួយ និងពីប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ ។
ត្រង់ចំនុចនោះបានហាមមិនឲ្យបុរសស្ត្រី ស្លៀកពាក់ ប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរនៅទីសាធារណៈឡើយ។
ចំពោះបុរសសេចក្តីព្រាងច្បាប់ ហាមស្លៀកតែខោអត់ពាក់អាវ នៅទីប្រជុំជន ឬស្លៀកតែខោទ្រនាប់ បង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ ។
ចំពោះនារី ហាមស្លៀកពាក់ខ្លី ខើចលើខើចក្រោម ឬស្លៀកពាក់ស្តើងឃើញកេរ្តិ៍ភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ ។ ទោះយ៉ាងណាសេចក្តីព្រាងច្បាប់បានចែងថា ការអនុវត្តខណ្ឌខាង ត្រូវលើកលែងចំពោះវិស័យទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី ឬតំបន់ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសតម្ថកិច្ច។
ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នផ្តួចផ្តើមតាក់តែងសេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈនេះឡើងបានផ្សាយឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយសោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
មន្ត្រីបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះអាចនឹងអនុម័តនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ។ សេចក្តីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈខាងលើនេះមាន៨ជំពូក និង ៤៨មាត្រា នៅពេលនេះ ក្រសួងមហាផ្ទៃបានបញ្ជួនទៅរដ្ឋបាលខេត្ត រាជធានីទូទាំងប្រទេស ដើម្បីពិនិត្យ សិក្សា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ ។
លោក ខៀវ សុភក្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា៖ ការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈមានច្រើនណាស់ ដែលកន្លងមកសមត្ថកិច្ចមានការលំបាកនៅក្នុងការគ្រប់គ្រងដោយសារមិនទាន់មានច្បាប់ ។
លោកបានលើកឡើងបញ្ហាខ្លះថាដូចជា ការរៀបចំបរិស្ថាន គឺការបូជាសព ដែលកន្លងមកតាមទំនៀបទម្លាប់ ពលរដ្ឋបានបូជាសព នៅកណ្តាលវាលប៉ះពាល់បរិស្ថាន និងសាធារណជន ប៉ុន្តែសកម្មភាពនោះបានធ្វើតៗគ្នាតាំងពីដើមមក ។
លោកថា នៅមានច្បាប់នឹងរៀបរយបញ្ហានេះមិនឲ្យប៉ះពាល់ដល់បរិស្ថាន និងសាធារណជនឡើយ ។ «ច្បាប់មានវិសាលភាពធំ ងាយស្រួលដល់អាជ្ញាធរអនុវត្តវិធានការ ។ ជាធម្មតាច្បាប់មានការអប់រំ និងការដាក់ពិន័យ» នេះជាការបញ្ជាក់របស់លោក ខៀវ សុភក្រ័។ នៅត្រង់មាត្រា ៦ នៃសេចក្តីព្រាងច្បាប់នេះ បានឲ្យនិយមន័យសាធារណៈថា «ទីកន្លែងដែលសាធារណជនអាចមើលឃើញចេញចូលបាន ឬអាចស្ដាប់ឮ» ។
បណ្ដាសកម្មភាពដែលត្រូវហាមមិនឲ្យប្រព្រឹត្តនៅក្នុងទីសាធារណៈជាច្រើនមានដូចជា ការរស់នៅតាមចិញ្ចើមផ្លូវ ការសុំទាន ការប្រវាយប្រតប់ឈ្លោះប្រកែកជេរប្រមាថគ្នា ប្រព្រឹត្តអំពីអាស និងសេពសន្ថវៈ ការហាល ឬព្យួរសម្លៀកបំពាក់ជាដើម ។
សេចក្តីព្រាងច្បាប់ដែលអ្នកសារព័ត៌មានទទួលបានមិនទាន់ឃើញចែងលម្អិតពីទោសប្បញ្ញត្តិឡើយ ដោយត្រឹមសរសេរថា៖អំពីល្មើសនឹងច្បាប់នេះ ត្រូវផ្តន្ទាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្តន្ទាទោសដាក់ពន្ធនាគារឬនិងពិន័យជាប្រាក់ ៕