ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់

ខេត្តស្ទឹងត្រែង៖
តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា នៅឃុំកាំងចាមស្រុកសៀមបូក ខេត្តស្ទឹងត្រែង សព្វថ្ងៃនេះមានឈ្មួញឈើមួយក្រុមដែលល្បីឈ្មោះបោះសំលេងមកពីខេត្តក្រចេះ កំពុងដាក់លុយទៅអោយបុគ្កលមន្ត្រីខិលខូច(មន្ត្រីគ្រាប់ល្ពៅ) នៅក្នុងឃុំកាំងចាម បំផុសអោយប្រជាពលរដ្ឋចូលព្រៃកាប់ឈើដឹកយកមកលក់អោយក្រុមខ្លួន ហើយក្រុមឈ្មួញបានដឹកឈើទាំងនោះតាមទូកព្យាង្គនាំចុះទៅកាន់ខេត្តក្រចេះ ជាក់ស្តែង នៅម៉ោងប្រមាណជា ១២យប់ ថ្ងៃទី៣,ខែសីហាឆ្នាំ២០២០ ឈើប្រមាណ៧ម៉ែត្រគូបត្រីគុណ ត្រូវបានគេដឹកចេញពីព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាំយកមកចាក់គរនៅមាត់អូររនាម មុខផ្ទះអ្នកគ្រូហុន ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ហើយក្រុមឈ្មួញបានចងព្យាង្គឈើ ដឹកជញ្ជូនតាមទូក ចុះទៅកាន់ខេត្តក្រចេះ ដោយគ្មានការភិតភ័យពីទង្វើល្មើសច្បាប់ចំពោះមន្ត្រីជំនាញសមត្ថកិច្ចបង្ក្រាបឡើយ។សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់កំពុងកើតមានជារៀងរាល់ថ្ងៃនេះបើតាមប្រធានសហគមន៍ការពារព្រៃឡង់បៃតងបានថ្លែងអោយដឹង ដោយដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ឆ្លងកាត់តាមមុខស្នាក់ការបរិស្ថាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាម ហើយមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងមូលដ្ឋាន អាចនឹងទទួលបានលាភពីក្រុមដឹកឈើទាំងនោះ ទើបគ្មានការបង្ក្រាបទាល់តែសោះ ។លោកប្រធានសមហគន៍បានបញ្ជាក់ថា អ្នករត់ការទូកព្យាង្គឈើចេញពីឃុំកាំងចាម ស្រុកសៀមបូក ឆ្ពោះទៅកាន់ខេត្តក្រចេះ គឺត្រូវគេស្គាល់ ឈ្មោះ ដន ។ លោកបញ្ជាក់ទៀតថា បើអាជ្ញាធរមានសមត្ថកិច្ចស្រុកសៀមបូក មិនប្រញាប់ចាត់វិធានការបង្ក្រាបនោះទេ នោះព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះនឹងការវិនាសជាក់ជាមិនខានឡើយ ៕

You might like