ច្រកអន្តរជាតិទ្វេភាគីកម្ពុជា  វៀតណាម ដូនរ័ត្ន ហ៊ានបើកច្រកទាំងយប់ឲ្យបទល្មើសឆ្លងដែនទាំងកណ្ដាលយប់ 

ត្បូងឃ្មុំ៖ល្បីកក្រើកទៀតហើយ សកម្មភាពដឹកបទល្មើសធនធានធម្មជាតិយ៉ាងអាណាធិបតេយ្យ ចូលទៅប្រទេសវៀតណាម ទាំងកណ្ដាលយប់ចូលតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
សកម្មភាពដឹកជញ្ជូនធ្យូងតាមរថយន្តកែច្នៃនិងរថយន្តសាំយ៉ុងកែច្នៃជាច្រើនគ្រឿងកំពុងសម្រុកដឹកចូលទៅប្រទេសវៀតណាមតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ជាក់ស្ដែងនៅវេលាម៉ោង20 និង 30 នាទី យប់ថ្ងៃអាទិត្យ ទី 09 ខែសីហា និងម៉ោង 4 និង 30 នាទីទាបភ្លឺថ្ងៃច័ន្ទទី 10 ខែសីហាឆ្នាំ 2020 ក្រុមការងារយើងខ្ញុំ បានចុះមកយកព័ត៌មាននៅក្នុងទឹកដីស្រុកមេមត់ច្រកចូលដូនរ័ត្ន ក៏បានប្រទះឃើញរថយន្តកែច្នៃដឹកធ្យូងជាច្រើនគ្រឿងរបស់ក្រុមឈ្មួញ បានធ្វើចរាចរណ៍ចូលទៅលក់នៅប្រទេសវៀតណាម តាមច្រកដូនរដ្ឋ ស្រុកមេមត់ ដោយមានការឃុបឃិត ត្រូវរ៉ូវគ្គ្នាជាលក្ខណៈប្រព័ន្ធ រវាងមន្ត្រីនគរបាលការពារព្រំដែនច្រកដូនរ័ត្ន និង ក្រុមឈ្មួញរកស៊ីដឹកធ្យូង ទើបមានការបើកប៉ារ៉ាស់ព្រំដែនឲ្យចេញចូលយ៉ាងអាណាធិបតេយ្យទាំងយប់បែបនេះ។
តាមប្រភពពីក្រុមឈ្មួញដែលមានរថយន្តដឹកដំឡូងដែលចតរង់ចាំដល់ម៉ោងដែលមន្ត្រីច្រកព្រំដែនទ្វេរភាគីអន្តរជាតិកម្ពុជាវៀតណាមច្រកដូនរ័ត្ន បានឲ្យដឹងថាពួកគាត់បានដឹកដំឡូងយកទៅលក់ឲ្យនៅប្រទេសវៀតណាម ប៉ុន្តែពួកគាត់ត្រូវរង់ចាំដល់ម៉ោងធ្វើការ ទើបមន្ត្រីវីរៈការពារព្រំដែនដូនរ័ត្នបើកឲ្យពួកគាត់ចូល តែបើចំពោះរថយន្តកែច្នៃដឹកធ្យូង បែរជាមន្ត្រីការពារព្រំដែនដូនរ័ត្ន មិនធ្វើការហាមឃាត់ហើយក៏មិនពិនិត្យអ្វីទាំងអស់  គឺបើកឲ្យចូលដោយស្វ័យប្រវត្តិវាខុសគ្នានឹងពួកគាត់តែត្រូវរង់ចាំដល់ម៉ោងធ្វើការទើបធ្វើការពិនិត្យនិងបើកឲ្យចូលទៅក្នុងប្រទេសវៀតណាមបាន។
បើយោងតាមអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវផែនការ 04 ចំណុចទៅកាន់មន្ត្រីក្រោមឱវាទគណៈកម្មាធិការជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ខេត្តនិងរាជធានី ដោយវិធានការទាំង 04 ចំណុចនោះរួមមាន
ទី01/ ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពរាល់បទល្មើសធនធានធម្មជាតិ
ទី02/ បញ្ជាអង្កេតការស្រាវជ្រាវរកជនល្មើសដែលពាក់ព័ន្ធនឹងបទល្មើស
ទី03/ ចាប់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ
ទី04/ ប្រមូលផ្ដុំកម្លាំងត្រៀមធ្វើអន្តរាគមន៍បង្ការទប់ស្កាត់និងបង្ក្រាប់នូវរាល់បទល្មើសធនធានធម្មជាតិ ជាពិសេសនៅតាមបណ្ដាខេត្តនៃភូមិភាគឥសាន្ត ចុះហេតុអ្វីនៅតែមានឡានកែច្នៃដឹកធ្យូងដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូនបែបនេះ។
តាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្បែរច្រកព្រំដែនដូងរ័ត្ន បាននិយាយប្រាប់អង្គភាពសារព័ត៌មានកូនខ្មែរម្ចាស់ប្រទេសថារាល់ថ្ងៃនេះ ការដឹកជញ្ជូនធ្វើចរាចរណ៍ធ្យូង ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ រួមមានមន្ត្រីគយ និង ប៉ូលីសវីរៈការពារព្រំដែន គឺចងអង្រឹងអង្គុយក្នុងប៉ុស្តិ៍យាមចាំរាប់តែក្បាលឡានយកលុយមិនគិតពីការបង្ក្រាបទប់ស្កាត់បទល្មើសនោះទេ
មហាជនទូទៅក៏បានសូមសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យនឹងមានវិធានការចំពោះមន្ត្រីក្រោមឱវាទ និងធ្វើការទប់ស្កាត់ក្រុមឈ្មួញដែលឆ្លៀតឱកាសលួចដឹកជញ្ជូនធ្យូងយកទៅលក់នៅប្រទេសវៀតណាម ដោយមានការបើកច្រកព្រំដែនទាំងយប់ពីមន្ត្រីខិលខូចមួយចំនួនដែលប្រចាំការនៅច្រកដូនរ័ត្ន ឲ្យបានទាន់ពេលវេលាផងទាន៕

 

You might like