ភ្នំពេញ៖ នៅក្នុងវិទ្យាល័យបាក់ទូក ដែលជាវិទ្យាល័យមួយនៅក្នុងរាជធានីភ្ឋំពេញ គឺសង្កេតឃើញថា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឱ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការនេះឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សាលារៀនទាំងអស់ ក្នុងប្រទេសកម្ពុជា នឹងបើកដំណើរការឡើងវិញ តាម ៣ដំណាក់កាល រួមមាន ដំណាក់កាលទី១ គឺបើកសម្រាប់តែសាលារៀន ដែលមានស្តង់ដារសុវត្ថិភាពខ្ពស់។ ចំណែកដំណាក់កាលទី២ នឹងបើកដំណើរការ សម្រាប់សាលារៀន ដែលមានស្តង់ដារមធ្យម ខណៈដំណាក់កាលទី៣ នឹងបើកចំពោះសាលារៀន ដែលមានស្តង់ដារអប្បបរមា។ ដូច្នេះជារួម ការបើកដំណើរការឡើងវិញនេះ គឺមិនមែនគ្រប់សាលារៀនទាំងរដ្ឋ និងឯកជន អាចបើកទ្វារទទួលសិស្សានុសិស្សរួមគ្នានោះទេ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី ១៥ ទៅ ២០នាក់ ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។ សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួន នឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ៕