លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន ៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទីចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែករំដោះថែរក្សា ការពារប្រជាជនកម្ពុជាកន្លងមក ។
លោកជំទាវបានបន្តទៀតថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ពីដំណាក់កាលដ៏សែនស្មុគស្មាញរហូតទួលបាននូវសុខសន្តិភាព និងសម្រេចទ បានសមិទ្ធផលធំៗជាប្រវតិ្ដសាស្រ្ដប្រកបដោយជោគជ័យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បានពីគុណបំណាច់ និងស្នាដៃ នៃការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជន ដែលមានវត្ដមាននៅទីនេះដែរ ។ ដោយឡែកសម្រាប់ខេត្តស្វាយរៀងគឺប្រែក្លាយពីតំបន់សមរភូមិក្តៅ និងតំបន់ខ្លះនៅអសន្តិសុខ មកជាខេត្តមួយដែលពោរពេញទៅដោយសក្តាពុនពលវិនិយោគ ដែលរួមមាន ៖ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសតូចធំ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មន្ទីរពេទ្យ វត្តអារាម សាលារៀន ជាដើម ។ ទន្ទឹមនោះផងដែរ សម្តេចបានយកចិត្ដទុកដាក់ និងគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង និងការគិតគូរនិងឧបត្ថម្ភដល់ប្រជពលរដ្ឋក្រីក្រដែលរងផលប៉ះពល់ដោយសារជំងឺកូវីដ១៩ ។
លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ៖
១. ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។
២. ត្រូវចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។
អំណោយដែលបានចែកជូននៅពេលបនេះ រួមមាន ៖ អង្គរ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ អាវយឺត ២ អំបិល ១គីឡូក្រាម អាវ និងមួកគណបក្ស ម្នាក់ ១ និងថវិកាមួយចំនួន ។
ជាចុងក្រោយ លោកជំទាវក៏បានធ្វើការកាត់ខ្សែរបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នាឱកាសនោះផងដែរ ៕