គ្រោះថ្នាក់​ចរាចរណ៍​១៤១​ថ្ងៃ​ស្លាប់ជិត​៦០០​នាក់​​និង​របួស​១.៨៦៥​នាក់​!

(ភ្នំពេញ)៖ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១៤១​ថ្ងៃ បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន ៥៩០​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ជាង ១.៨០០​នាក់ និង​ត្រួតពិនិត្យ​ផាកពិន័យ​យានយន្ត​ជាង១៧​ម៉ឺន​គ្រឿង​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងកាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញាឆ្នាំ២០២០ នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៤១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ បានកើត​ឡើង ១.១៨១​លើក ។​ស្លាប់​មនុស្ស​ចំនួន ៥៦០​នាក់ របួស​ចំនួន ១.៨៦៥​នាក់ ក្នុងនោះ​របួសធ្ងន់ ១១១៣​នាក់​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កើតឡើង​ចំនួន ៩​លើក ស្លាប់​ម្នាក់​និង​របួស​ចំនួន ១៦​នាក់ ក្នុងនោះ​របួសធ្ងន់ ១២​នាក់​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា​សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៤១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៧១.៨៨០​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១២៧.៣៩១​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤៤.៤៨៩​គ្រឿង (​រថយន្ត​តូច ៣៨.២២៩​គ្រឿង និង​រថយន្ត​ធំ ៦.២៦០​គ្រឿង​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕

You might like