(ព្រះសីហនុ)៖ ព្រោះតែឈ្លោះប្រកែកគ្នា ជាមួយស្រីក្មេង មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ ម្នាក់ បានដកកាំភ្លើងខ្លីពីចង្កេះ ។
បាញ់មេឃឡើងលើ២គ្រាប់ រួចប្រញាប់បើកឡានរត់ចេញទៅ (បិទសាប៊ូគូទ) រំខានដល់សមត្ថកិច្ចដើរ រើសសំបកគ្រាប់ ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះធ្វើបុណ្យ០៧ថ្ងៃ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គឺមិនត្រឹមតែផ្អើលដល់ភ្ញៀវមកចូលបុណ្យសពនោះទេ ថែមទាំងផ្អើលដល់ម្ចាស់ដើមទាន ប្រធានដើមបុណ្យរួមនឹងសមត្ថកិច្ចទៀតផង…!។
លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា៖ នៅទីតាំងខាងលើនាយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន។
បុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤កន្លះ មានទីលំនៅ រាជធានីភ្នំពេញ បានប្រើអាវុធខ្លី (មិនស្គាល់ម៉ាក) ។
បាញ់ឡើងលើ២គ្រាប់ ដើម្បីគំរាមស្រីក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ភ្លាមៗ ជនដៃដល់ បានបើករថយន្តម៉ាក វីហ្គោ ពណ៌.ស ពាក់ស្លាកលេខ( រដ្ឋ ) រត់គេចខ្លួនបាត់ស្រមោល..!។
ចំពោះមូលហេតុគេនៅពុំទាន់ដឹងជាក់លាក់នៅឡើយទេ គ្រាន់តែដឹងថា៖«ពួកគេបានឈ្លោះគ្នា»។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនបង្កហើយ និងកំពុងអនុវត្តនីតិវិធី៕ដោយ៖សហការីសហការី