(ខេត្ដកំពង់ចាម)៖កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចាប់ឃាត់ខ្លួនបុរសជាឪពុកតែចិត្តដូចសត្វតិរច្ឆានម្នាក់ បន្ទាប់ពីផឹកស្រវឹង ហើយគំរាមកំហែងចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់ខ្លួន អាយុ១៣ឆ្នាំ រហូតបានសម្រេច នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទី ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីម្នាក់ ឈ្មោះអ៊ុន ចាន់ធី អាយុ៣៧ ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរថា កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់ខ្លួនឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ផឹកស្រាស្រវឹង បាននាំកូនស្រីរបស់ខ្លួនបង្កើ
ត ឈ្មោះស សណ អាយុ១៣ឆ្នាំ ទៅកាប់ឫស្សី នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ មានចម្ងាយប្រហែល៣៥០ពីភូមិ ហើយធ្វើសកម្មភាពគំរាមកំហែងរួចរំលោភសេពសន្ថវៈទៅលើនាងរហូតបានសម្រេច១លេីក។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នឹងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕