អាជ្ញាធរស្រុក និងមន្ទីរជំនាញបានចុះជួបផ្ទាល់ជាមួយម្ចាស់កំពងចម្លង កោះតេជោ បន្ទាប់ពីមានព័ត៌មានបានផ្សាយថាគ្រាន់តែផ្លូវជិះចូលភូមិកោះតេជោ ត្រូវបង់លុយដែរ

ខេត្តកណ្តាល÷ បន្ទាប់ពីបានដឹងអំពីព័ត៌មានដែលបានផ្សាយថា ផ្លូវចូល កោះតេជោ ដែលមានទីតាំងស្ថិតក្នុងភូមិកោះតេជោ ឃុំគគីធំ ស្រុកកៀនស្វាយ បានយកលុយពីអ្នកដំណើរថ្លៃ និងមិនមានភាពប្រក្រតី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ លោក ពៅ គីមលី អភិបាលរងស្រុកកៀនស្វាយ បានសហការជាមួយ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងអាជ្ញាធរភូមិ-ឃុំ បានចុះផ្ទាល់ដល់ទីតាំង ភូមិកោះតេជោ។

មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានឱ្យដឹងដែរថា ទីតាំងនេះមិនមែនជាប្រភេទផ្លូវសម្រាប់ចូលភូមិនោះទេ ភូមិសាស្រ្តនេះ គឺជាកំពង់ចម្លងកោះតេជោ-គគីរធំ ដោយនៅរដូវវស្សាអ្នកដំណើរត្រូវធ្វើដំណើរដោយទូកចម្លង ចំណែកនៅរដូវប្រាំង ទឹកទន្លេមានស្ថានភាពគោករាក់ អាចធ្វើឱ្យទូកចម្លងគឿង ពុំអាចចម្លងបាន ដូច្នេះ អ្នកទទួលសិទ្ធិធ្វើអាជីវកម្ម ភាស៊ីកំពង់ចម្លងកោះតេជោ-គគីរធំ ត្រូវប្ដូរពីការប្រើប្រាស់ទូកចម្លង មកជាការចាក់ដីលើកផ្លូវ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់បាន។ ការធ្វើដំណើរតាមផ្លូវដីនេះ អ្នកដំណើរត្រូវបង់សេវាចម្លង តាមតម្លៃដែលមាន ចែងក្នុងសៀវភៅបន្ទុក។

លោកស្រី ទូច លីហួង ម្ចាស់កំពង់ចម្លងកោះតេជោ-គគីរធំ បានឱ្យដឹងថា ការយកលុយ គឺយកទៅតាមតម្លៃក្នុងសៀវភៅបន្ទុក ដែលបានកំណត់រួចហើយ មិនមែនចេះតែយកនោះទេ គឺមានតែយកក្រោមសៀវភៅបន្ទុកទៀតផង ចំពោះមនុស្សម្នាក់ និងម៉ូតូមួយគ្រឿងឆ្លងទៅមក អស់ ៤០០០ រៀល ក្នុងសៀវភៅបន្ទុក តែជាក់ស្ដែងយកតែ ៣០០០រៀល ប៉ុណ្ណោះ ហើយចំពោះសិស្សានុសិស្ស មន្ត្រីរាជការ និងគ្រូបង្រៀន ពេលឆ្លងគឺមិនគិតលុយទេ គិតថ្លៃតែលើយាន្តជំនិះតែប៉ុណ្ណោះ។

លោកស្រីបន្ថែមថា ការលើកផ្លូវដីនេះ គឺលោកស្រីប្រើប្រាស់នៅមធ្យោបាយផ្ទាល់ខ្លួន ព្រមទាំងបានជួលដីរបស់ឯកជន សម្រាប់ធ្វើជាផ្លូវ ជូនអ្នកដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃផងដែរ។

ក្នុងឱកាសនោះដែរ អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធបានសំណូមពរឱ្យម្ចាស់កំពង់ចម្លង មិនឱ្យយកលុយពីសិស្សានុសិស្ស មន្ត្រីរាជការ និងគ្រូបង្រៀន ទាំងមនុស្សនិង យាន្តជំនិះ ដែលសំណូមពរនេះត្រូវបានម្ចាស់កំពងចម្លងបានយល់ស្របតាមសំណូមពររបស់អាជ្ញាធរផងដែរ។

សូមបញ្ចាក់ថា តាមតារាងតម្លៃភាស៊ីចម្លងទូកដរ កោះតេជោ គគីធំ គឺមនុស្សម្នាក់ ១០០០រៀល ម៉ូតូ ១គ្រឿង ១០០០រៀល កង់ ១គ្រឿង ៤០០ រៀល រឺម៉កម៉ូតូមួយគ្រឿង ៧០០០ រៀល រថយន្តធុនតូច ១គ្រឿង ១០០០០រៀល រថយន្តធុនមធ្យម ១គ្រឿង ១៥០០០រៀលសត្វពាហនៈ ១ក្បាល ៥០០០រៀល និងរទេះគោរ ទេះសេះ ១គ្រឿង ៦០០០រៀល៕

You might like