បញ្ចប់តំណែងអធិការរងស្រុកភ្នំស្រួច អុឹង ឡាយឆាយ ថែមទាំងបណ្ដេញចេញពីក្រប់ខណ្ឌនគរបាលជាតិ រឿងបង្ខាំងមនុស្សខុសច្បាប់ ខណៈស្នងការខេត្តកំពង់ស្ពឺ និងមន្ត្រី ២រូបទៀតត្រូវបានថ្នាក់លើព្រមានជាលាយលក្ខណ៍អក្សរ

កំពង់ស្ពឺ៖ នាយនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៤រូប ក្នុងនោះមានអធិការរងស្រុកភ្នំស្រួច មួយរូបត្រូវបានបញ្ចប់មុខតំណែង ។ ដោយឡែកលោកស្នងការនគរបាលខេត្ត និងមន្ត្រីចំនួនពីររូបទៀត ត្រូវបានទទួលព្រមានជាលាយលក្ខណ៍អក្សរ។

លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ៖ អធិការរងស្រុកភ្នំស្រួច លោក អុឹង ឡាយឆាយ ត្រូវបានបញ្ចប់តំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែបុគ្គលនេះ បានរំលោភលំនៅដ្ឋាន និងបង្ខាំងដោយខុសច្បាប់។ ស្របពេលជាមួយគ្នានេះដែរ ក៏មានប្រភពខ្លះបានបញ្ជាក់ថា លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមជាមួយ នឹងមន្ត្រីពីររូបទៀត ត្រូវបានព្រមានពីថ្នាក់លើ សង្ស័យជាប់ពាក់ព័ន្ធទៅ នឹងកំហុសឆ្លង ក្នុងការងារ និងការប្រព្រឹត្តអំពើមិនគប្បីណាមួយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អ្នកកាសែតថា ៖ មូលហេតុដែលនាំឲ្យមានការបញ្ចប់តំណែង ឬ ដកបញ្ឈរជើងនេះ ដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចោទប្រកាន់ ពីបទលួចមានស្ថានទម្ងន់ រំលោភលំនៅដ្ឋានមានស្ថានទម្ងន់ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ និងបទគំរាមកំហែង។
លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាក់អ្នកកាសែតថា ៖ ការអនុវត្តច្បាប់ទៅលើលោក អុឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួច នោះជាលក្ខខណ្ឌមន្ត្រីនគរបាលជាតិ ដែលបុគ្គលនេះកន្លងទៅមិនស្ដាប់ការណែនាំ និងមានកំហុសធ្ងន់ធ្ងរ ទើបត្រូវទទួលវិន័យបែបនេះក្នុងជួរកងកម្លាំង។
តាមលិខិតរបស់លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានជម្រាបជូននាយឧត្តមសេនីយ៍បសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ៖ កន្លងមកក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចោទប្រកាន់លោកអធិការងអុឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួច។ នៅក្នុងលិខិតដដែលនេះ បានបញ្ជាក់ថា បន្ទាប់ពីបានចាត់មន្ត្រីនគរបាលជំនាញ ចុះអង្កេតស្រាវជ្រាវរួចមក ក្រសួងមហាផ្ទៃ សម្រេចប្រគល់ភារកិច្ចជូនអគ្គស្នងការនគរបាលជាតិ ដោយអនុវត្តវិន័យ ទៅលើលោក អុឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួច បញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ ដោយឡែកលោកវរសេនីយ៍ទោ ទឹម ឡេង នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវរៈសេនីយ៍ឯក គឹមសារឿន អនុប្រធានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវអប់រំព្រមានជាលាយលក្ខណ៍អក្សរ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងប្រាប់អ្នកកាសែតថ្មីៗនេះ ថា ៖ លោកមិនទាន់បានទទួលនូវលិខិតអំពីការព្រមាន
ជាលាយលក្ខណ៍អក្សរនោះ។

សូមបញ្ជាក់ថា ៖ ការអនុវត្តវិធីនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួនពីប្រជាពលរដ្ឋដោយបានចង់ប្រកាន់ទៅលើលោក អុឹង ឡាយឆាយ អធិការរងស្រុកភ្នំស្រួច។ ក្នុងនោះលោកអធិការរង ដែលត្រូវបានបញ្ចប់តំណែង គាត់ធ្លាប់ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លិបកំសាន្ត គីរីរម្យ ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។ នេះបើយោងតាមប្រកាសលេខ៦៤១០ ប្រកចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់សម្ដេចក្រឡាហោម ស ខេង កន្លងទៅ។

ជុំវិញករណីនេះ មហាជនកំពុងតាមដានថា ក្រោយពីថ្នាក់លើព្រមាន ដល់លោកស្នងការ និងនាយនគរបាល២រូបទៀតនោះ តើអាចឈានដល់ការដកតំណែង ឬ យ៉ាងណា ?៕

You might like