ល្បិចបោករកលុយមួយថ្មីទៀត !! បុរសម្នាក់ស្លៀកពាក់ស្អាតបាត ដើរ​រៃ​អង្គាស​បច្ច័យ​ពី​ម្ចាស់​អាជីវកម្ម​ដោយ​កុហក​ថា​យក​ចូល​បុណ្យសព​ឪពុក​អភិបាល​ខណ្ឌ!

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០២០ នេះ​រដ្ឋបាល​ខណ្ឌចំការមន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​មាន​ជនខិលខូច​មួយ​រូប​ដែល​មិន​ស្គាល់​បុណ្យ​ និង​បាប​បាន​ដើរ​បោក​បញ្ឆោត ​និង​ដើរ​រៃ​អង្គាស​បច្ច័យ​ដើម្បី​ចូល​បុណ្យសព​ឪពុក​របស់​អភិបាល​ខណ្ឌ​ និង​កុហក​ថា​ ធ្វើ​តាម​បញ្ជារ​របស់​អភិបាល​ខណ្ឌ​ទៀត​ផង ។

យ៉ាងណាមិញ រដ្ឋបាល​ខណ្ឌចំការមន បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណៈជន ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ ថា​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ឧបាសក ទុ​យ ធិ​ន ត្រូវជា​ឪពុក​បង្កើត​របស់​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ទទួលមរណៈភាព ដោយ​រោគាពាធ ហើយ​ជាមួយ​គ្នា​នេះ ផេ​ក​របស់​រដ្ឋបាល​ខណ្ឌចំការមន ដែល​មានឈ្មោះ​ថា « រដ្ឋបាល​ខណ្ឌចំការមន » ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង ស្ដី​ពី​មរណៈទុក្ខ​នេះ ដើម្បី​អោយ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព​បាន​ជ្រាប​។ប្រភព​ដដែល​បាន​បន្ត​ថា «​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ជនខិលខូច​បាន​ឆ្លៀតឱកាស​នេះ​កេង​យក​ផល​ចំណេញ​ផ្ទាល់ខ្លួន​ដើរ​រៃ​អង្គាស​បច្ច័យ ដើម្បី​ចូល​បុណ្យសព ដោយ​បាន​និយាយ​ថា ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​លោក ថេ​ង សុ​ថុ​ល អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន នៅ​តាម​លំនៅ​ដ្ឋា​ន ទីតាំង​អាជីវកម្ម និង​ក្រុមហ៊ុន​ឯកជន​នានា​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៥ នៃ​ខណ្ឌចំការមន​» ។

រដ្ឋបាល​ខណ្ឌចំការមន បាន​បន្ត​ថា «​ចំពោះ​សកម្មភាព​ខាងលើ​នេះ រដ្ឋបាល​ខណ្ឌចំការមន សូម​ធ្វើការ​ច្រានចោល និង​បដិសេធ​ទាំងស្រុង ព្រមទាំង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​រ​ដ៏​ថោកទាប​របស់​ជនខិលខូច​ដែល​បាន​យក​ឆ្លៀតឱកាស​យក​មរណៈទុក្ខ​នេះ​មក​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជាមួយ​គ្នា​នេះ​ផង​ដែរ សូម​ជម្រាប​ជូន​ថា ទាំង​រដ្ឋបាល​ខណ្ឌចំការមន ក៏​ដូច​ជា​លោក​អភិបាល​ខណ្ឌ​ពុំ​បាន​ចាត់​មន្ត្រី ឬ​បុគ្គល​ណាមួយ​អោយ​ដើរ​រៃ​អង្គាស​បច្ច័យ ដើម្បី​ចូល​បុណ្យសព​របស់​ឪពុក​លោក​នោះ​ទេ​» ៕

You might like