ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានផ្ទះលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី៦ ទៅ៧កន្លែង ស្ថិតនៅច្រាំងបាក់ម្តុំយឿត្រី សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងបន្តទៀតថា ទីតាំងទាំងនោះ គឺនៅម្តុំមុខផ្សារច្បារអំពៅ ចូលទៅក្នុងក្បែមាត់ទន្លេ ដែលកំពុងបើកលេងទាំងយប់ទាំងថ្ងៃ ដូចជាគ្មានខ្លាចពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌច្បារអំពៅសូមបីតែបន្តិចសោះ ព្រោះតែហេតុអ្វី…?
ពលរដ្ឋលើកឡើងទៀតថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះ កំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជនជាក្រុមអ្នកញៀនល្បែង ក៏ដូចជា ក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំលេងយ៉ាងរំភើយ ហើយអាចជាកន្លែងសំរាប់ការលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង។
គេសង្កេតឃើញថា បើទោះបីជាមានការដាក់បទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងហ្គេមបាញ់ត្រីនេះយ៉ាងណាក៍ដោយ តែម្ចាស់បើកល្បែងស៊ីសងទាំងនោះ នៅតែបន្តលួចលាក់បើកលេងដដែល។ ដូច្នេះហើយពលរដ្ឋសំណោមពរសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅ ជួយចុះទៅបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងនោះផង កុំអោយដូចមាត់ពលរដ្ឋនិយាថា៖អោយចាប់យ៉ាងម៉ិចបេីគេបង់លុយអោយរាល់ខែហេីយហ្នឹង រឺពាក្យមួយទៀតថាជាឆ្នាំងបាយសមត្តកិច្ច ៕