ភ្នំពេញ ៖ រថយន្តធន់តូច២គ្រឿងត្រូវបានទឹកហូរវាយបោកបណ្ដាលឲ្យធ្លាក់ផ្លូវ និងស្ទើរតែចូលទៅក្នុងប្រឡាយដែលមានទឹកជ្រៅទៅហើយ និងត្រូវបាននគរបាលយករថយន្តស្ទូចទៅស្ទូចយកចេញភ្លាមៗ ។
ចំណែកឯរថយន្តធន់ធំដឹកដឹកស៊ីម៉ង់ត៌១គ្រឿងទៀត បានជាប់ផុងផ្អៀងខ្លួនមួយចំហៀងស្ទើរតែក្រឡាប់ ខណៈដែលរថយន្តទាំងនោះបើកបរឆ្លងកាត់លើកំណាត់ផ្លូវដែលកំពុងជន់លិចដោយទឹកស្ទឹងព្រែកត្នោត ហើយទឹកកំពុងហូរខ្លាំងយ៉ាងត្របាញ់ថែមទៀតនោះ ។
ហេតុការណ៍នេះបានកើតឡើង ចាប់តាំងពីវេលាម៉ោង៣និង៣០នាទីជិតភ្លឺរហូតដល់វេលាម៉ោង៩ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ១០៤ ហៅផ្លូវលេខ២០អា ស្ថិតនៅខាងលិចរង្វង់មូលកួរស្រូវ ក្នុងភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តតូចដែលរងការវាយប្រហារពីកម្លាំងទឹកហូរនេះរួមមានម៉ាក MAZDA ពណ៌សអត់ស្លាកលេខ បើកបរ និងជិះដោយបុរស និងស្ត្រីជនជាតិចិន២នាក់ប្ដីប្រពន្ធ មិនស្គាល់អត្តសញ្ញាណ ។
ចំណែក១គ្រឿងទៀត ជារថយន្តប្រភេទភីអាប់ ហើយក្រោយពេលកើតហេតុម្ចាស់រថយន្តទាំងនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួស និងនគរបាលខណ្ឌដង្កោជួយសង្គ្រោះទាន់ពេលវេលា រួចនគរបាលបានយករថយន្តស្ទូចទៅស្ទូចយករថយន្តខាងលើចេញពីក្នុងទឹក ។
ដោយឡែករថយន្តធន់ធំដឹកស៊ីម៉ង់ត៌ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-2549 សណ្ដោងកន្ទុយផងដែរ ។
ប្រភពដដែលបានបន្តទៀតថា នៅវេលាជិតភ្លឺថ្ងៃកើតហេតុខាងលើមានបុរស និងស្ត្រីជនជាតិចិន២នាក់ប្ដីប្រពន្ធមិនស្គាល់អត្តសញ្ញាណបានបើករថយន្តម៉ាក MAZDA ពណ៌ស១គ្រឿង ឆ្លងកាត់ត្រង់ចំណុចខាងលើដែលកំពុងតែត្រូវទឹកជន់លិច និងហូរកាត់ខ្លាំង ។
ខណៈនោះស្រាប់តែត្រូវទឹកហូរវាយបោកបណ្ដាលឲ្យធ្លាក់ផ្លូវ និងស្ទើរតែធ្លាក់ចូលទៅកន្លែងដែលមានទឹជ្រៅទៅហើយ ប៉ុន្តែពួកគាត់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួស និងនគរបាលខណ្ឌដង្កោជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់មកក៏បាននាំគ្នាចាកចេញទៅបាត់ដោយទុករថយន្តចូលនៅនឹងកន្លែងកើតហេតុ ។
ប្រភពខាងលើបានបន្ថែមទៀតថា លុះព្រឹកឡើងទើបត្រូវបានកម្លាំងនគរបាលយករថយន្តស្ទូចទៅស្ទូចយកចេញទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ហើយក្រោយមកស្រាប់តែមានរថយន្តភីអាប់១គ្រឿងទៀតរហូតដល់វេលាម៉ោងត្រូវទឹកវាយហារបណ្ដាលឲ្យធ្លាក់ផ្លូវក្បែរនោះទៀត និងត្រូវបានកម្លាំងនគរបាលដែលជួយស្ទូចឡើងគោកភ្លាមៗ រួចម្ចាស់ក៏បានបើកបន្តដំណើរទៅមុខបាត់ ។
លុះបន្តិចក្រោយមក ក៏ស្រាប់តែមានរថយន្តធន់ធំម៉ាកហ៊ីណូ ពណ៌ខៀវសណ្ដោងកន្ទុយរ៉ឺម៉កដឹកស៊ីម៉ង់ត៌ទៅដល់បានជាប់ផុងផ្អៀងមួយចំហៀងខ្លួនទៀត ហើយនគរបាលបានហៅរថយន្តធន់ធំ១គ្រឿងទៀតទៅអូសយកចេញ ៕ដោយ៖សហការី