រកឃើញគ្រឿងសំអាងជាង២០តោន ដែលខូចគុណភាព និងហួសដឺឡេ ក្រោយចុះបង្ក្រាបនៅខណ្ឌមានជ័យ និងបឹងកេងកង,,,

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះពិនិត្យទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងពីរទីតាំង នៅផ្ទះលេខ G54 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រោយធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានរកឃើញគ្រឿងសំអាងជាង ២០តោន ដែលខូចគុណភាព និងហួសដឺឡេ ហើយត្រូវបានរឹបអូស ដើម្បីទុកបំផ្លាញ ចោល។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបិទទីតាំងជាបណ្តោះអាសន្នផងដែរ។ នេះជាការបញ្ជាក់របស់មន្រ្តី គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានប្រាប់នៅរសៀលថ្ងៃនេះ។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកគ្រឿងសំអាងនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមការសម្របសម្រួលពី លោក សឿ ឡុងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយត្រួតពិនិត្យរួច គណៈកម្មាការចម្រុះបានពិនិត្យឃើញថា៖ ផលិតផលគ្រឿងសម្អាងមានប្រវេទន៍ពីក្រសួងសុខាភិបាល មានចំនួន៤មុខ និងផលិតផលគ្រឿងសម្អាងផ្សេងទៀត គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

ទីតាំងស្ដុងផលិតផលគ្រឿងសម្អាង ខុសទីតាំងអនុញ្ញាតពីក្រសួងសុខាភិបាល ផលិតផលគ្រឿងសម្អាង ហួសកាលបរិច្ឆេទប្រើប្រាស់ លាយឡំជាមួយផលិតផលមានសុពលភាពប្រើប្រាស់ និងពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល៕ដោយ៖សហការី

You might like