កម្លាំងសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីអំពើលួច(ម៉ូទ័រ)!

(កណ្តាល) ៖ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ហ៊ុល មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិសង្កាត់កើតហេតុ។
ជនសង្ស័យមានឈ្មោះ រស់ អ៊ែល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាក Honda cub 70 ពណ៌ទឹកប៊ិច ស្លាកលេខកណ្តាល1-W5550 (របស់ជនសង្ស័យ) ម៉ូទ័របូមទឹកចំនួនមួយគ្រឿង (របស់ជនរងគ្រោះ)។

បើយោងតាមសមត្ថកិច្ចឲ្យដឹងមុនពេលកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះលើកដាក់ម៉ូតូ ពេលនោះជនរងគ្រោះក៏មកទាន់ ធ្វើឱ្យជនសង្ស័យភ័យបានរត់គេចខ្លួនចោលម៉ូតូបាត់ទៅ។លុះបានប្រហែលមួយម៉ោងក្រោយមកជនសង្ស័យបានត្រឡប់មករកយកម៉ូតូរបស់ខ្លួនវិញពេលនោះក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់អោយចាប់ខ្លួនតែម្តង។

ក្រោយសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូទ័រខាងលើ របស់ជនរងគ្រោះពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពលួចសម្ភារៈរបស់គេនៅពេលយប់ចំនួន៥ដងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនិតិវិធី ៕

You might like