បន្ទាប់ពីប្រទេសឡាវ ប្រទេសកម្ពុជាយើងធ្វើការងារមនុស្សធម៌ ​ផ្តល់​អំណោយជា​ម៉ាស​ចំនួន​២​លាន​ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយ​​ចំនួន​ទៀត​ដល់​ប្រទេសមី​យ៉ា​ន់​ម៉ា

​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នេះ​បាន​​សម្រេច​ផ្តល់​នូវ​អំណោយ​ជា​ម៉ាស​ចំនួន​២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត ជូន​ដល់​​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​រង​គ្រោះ​​ធ្ងន់ធ្ងរ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ ១៩ ដែល​បាន​សម្លា.ប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៧០០​នាក់ និង​មាន​អ្នក​ឆ្លង​សរុប​ដល់​ទៅ​ជាង​៨​ម៉ឺន​នាក់ ។

មី​យ៉ា​ន់​ម៉ា គឺជា​ប្រទេស​ទី​២ ហើយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ផ្តល់​ជា​អំណោយ​ម៉ាស​​ចំនួន​២​លាន ​និង​សម្ភារ​វេជ្ជសាស្ត្រ​មួយ​ចំនួន បន្ទាប់​ពី​បាន​ផ្តល់​ជំនួយ​លើក​ទី ១ ដល់​ប្រទេស​​ឡាវ ​កន្លង​មក ​នូវ​ម៉ាស់​ និង​សម្ភារ​វេជ្ជសាស្ត្រ ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ ១៩ ។

យោង​តាម​លិខិតផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​លោកស្រី អោ​ង សាន​ស៊ូ​ជី ដែល​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ចុះ​ផ្សាយ​បាន​បញ្ជាក់​ថា «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏​ដូច​ជា​ការ​រួមដៃគ្នា​ជាមួយ លោក​ជំទាវ [​អោ​ង សាន​ស៊ូ​ជី​] ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ តាង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើ​ការ​​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២ ០០០ ០០០ (​ពីរ​លាន​) និង​សម្ភារ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា​។

ទន្ទឹម​នេះ ខ្ញុំ​ចាត់តាំង​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំ​យក​អំណោយ​ទាំង​នេះ ទៅ​កាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។ ជា​មួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួល​បាន​នូវ​ជោគជ័យ ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ហើយ​យើង​នឹង​ងើបឡើង​វិញ​យ៉ាង​រឹង​មាំ​ជាមួយ​គ្នា​»​។ក្នុង​នោះ​ផង​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ចូលរួម​អបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​លោកស្រី អោ​ង សាន​ស៊ូ​ជី ចំពោះ​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុង​ការ​បោះ​ឆ្នោ​ង​សកល​នៅ​មី​យ៉ា​ន់​ម៉ា នា​ពេល​ថ្មី​ៗ​នេះ​។

សម្រាប់​ជំនួយ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នា​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ចាត់តាំង​ឲ្យ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា នាំ​យក​អំណោយ​ម៉ាស និង​សម្ភារ​វេជ្ជ​សាស្ត្រ​ទាំងនេះ ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា តាម​រយៈ​យន្តហោះ​ពិសេស នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​នេះ ៕

You might like