(ខេត្តមណ្ឌលគិរី)៖ បុរសម្នាក់បានរងរបួសបែកគ្រាប់ភ្នែករហូតដល់ពិការ ដោយសារក្មេងទំនើងមួយក្រុមព្រួតវាយ ក្នុងជម្លោះហិង្សារឿងមើលមុខ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤២នាទីយប់ថ្ងៃទី២៧ វិច្ឆិកា ២០២០ នៅចំណុចកែងផ្លូវបេតុងខាងត្បូងស្ថានីយប្រេងសាំងប៉ាប៉ា ម្តុំលក់ចង្រិតបំពង ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឲ្យដឹងថា មានអំពើហិង្សាដោយចេតនាមួយករណីកើតឡើងបណ្តាលឲ្យបុរសម្នាក់រងរបួសបែកគ្រាប់ភ្នែកខាងឆ្វេង ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញភ្លាមៗក្រោយគ្រូពេទ្យបង្អែកខេត្តបានពិនិត្យរួចថាមិនអាចព្យាបាលបាន។
លោកអធិការក្រុងសែនមនោរម្យ បានបន្តថា ជនរងគ្រោះឈ្មោះ ឃីម ណារ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនសង្ស័យឈ្មោះ គូ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានទីលំនៅភូមិអន្លុងស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ។
លោកអធិការបានបន្តថា មុនពេលកើតហេតុបន្ទាប់ពីដើរលេងមើលគេប្រគំតន្ត្រីចប់ ជនរងគ្រោះទៅយកម៉ូតូនៅចំណុចកើតហេតុដើម្បីជិះទៅផ្ទះវិញ ពេលនោះឃើញក្រុមជនសង្ស័យគ្នា៨នាក់អង្គុយផឹកខាងក្រោយកន្លែងបំពងចង្រិត ហើយជនរងគ្រោះក៏បានងាកមើលមុខពួកគេ ស្រាប់តែក្រុមអ្នកផឹកនោះនិយាយថា «មើលមុខអីហ្អា?» ។ ជនរងគ្រោះក៏តបវិញ «គ្រាន់មើលមុខប៉ុណ្ណឹងមិនបានអី?» ។
លោកអធិការបានបន្តទៀតថា ក្រុមជនសង្ស័យឆ្លើយតបវិញថា «វ៉ៃអាហ្នឹងមួយមើល» ជនរងគ្រោះនិយាយថា «វ៉ៃរឿងអី គ្រាន់តែមើលមុខប៉ុណ្ណឹង?» ។ ជនសង្ស័យក៏ងើបឡើងគ្នា៥នាក់ទៅវាយជនរងគ្រោះ ដោយឈ្មោះ គូ រិទ្ធី បានជនរងគ្រោះត្រូវភ្នែកជនរងគ្រោះពេលនោះជនរងគ្រោះបានស្រវាចាប់ឈ្មោះ គូ រិទ្ធី ជាប់មិនខ្វល់ពីអ្នកណា ។ បន្ទាប់ពីឃើញដូច្នេះ អ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុក៏បានហៅប៉ូលីស ហើយស្រែកថាប៉ូលីសមកហើយៗ ទើបបក្ខពួកជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់អស់ នៅសល់តែឈ្មោះ គូ រិទ្ធី ដែលជនរងគ្រោះចាប់ជាប់ ហើយបានប្រគល់ឲ្យសមត្ថកិច្ចពេលចុះអន្តរាគមន៍។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានក្រុងសែនមនោរម្យដើម្បីចាត់ការតាមនីតិវិធី ៕