(ភ្នំពេញ)៖ មួយសប្ដាហ៍មកនេះ មេដឹកនាំកម្ពុជាពីររូប គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់ផ្ដើមនិយាយពីគំរូអាក្រក់របស់មន្ត្រីមានអំណាច ដែលលោភលន់ដីធ្លី។
មេដឹកនាំទាំងពីររូប ក៏ព្រមានចាត់វិធានការក្តៅលើមន្ត្រីខិលខូចទាំងនោះដែរ។ សង្គមស៊ីវិល នឹងតាមដានលទ្ធផលជាក់ស្ដែង នៃការប្រកាសរបស់ថ្នាក់ដឹកនាំទាំងពីរនេះ។
សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី៣ កក្កដា បានប្រកាសអនុវត្តអភិក្រមទី៥ ដែលសំដៅលើការវះកាត់មន្ត្រីខិលខូច ដែលជាប់ពាក់ព័ន្ធនឹងករណីដីធ្លីជាមួយប្រជាពលរដ្ឋ។ ក្នុងន័យនេះសម្ដេច ក៏បញ្ជាឱ្យស្ថាប័នមានសមត្ថកិច្ចដោះស្រាយបញ្ហាដីធ្លី ដោយភាពយុត្តិធម៌ និងត្រឹមត្រូវជូនពលរដ្ឋ ជាពិសេសកម្ចាត់មន្ត្រី ឬអ្នកមានអំណាច ដែលរំលោភបំពានដីធ្លីប្រជាពលរដ្ឋ។
សម្ដេច ក៏ផ្ដាំមន្ត្រីទាំងនោះ ឱ្យឈប់ធ្វើបាបពលរដ្ឋទឹកភ្នែក ដោយសាររឿងដីធ្លីនេះទៀត។ សម្តេចបានសង្កត់ធ្ងន់ថា៖ «មន្ត្រី អ្នកមានអំណាច ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត»។
កាលពីថ្ងៃទី៧ កក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យយកឧកញ៉ា សង ថន និង លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទៅឃុំជាបណ្ណោះអាសន្ន។ អភិបាលរងខេត្តបាត់ដំបងលោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទ៣បទល្មើស គឺ បទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក ហើយឧកញ៉ា សង ថន ត្រូវបានចោទ២បទល្មើស គឺ បទផ្តើមគំនិតគិតក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ កក្កដា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តបាត់ដំបង ដកហូតដីពីលោកឧកញ៉ា សង ថន ត្រឡប់មកវិញដែរ។ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋបាលខេត្តបាត់ដំបងគ្រប់គ្រង និងរក្សាទុកដីនោះ សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ជាលក្ខណៈដីសម្បទានសង្គមកិច្ចទៀតផង។
ងាកចេញពីខេត្តបាត់ដំបង ទៅកាន់ខេត្តមណ្ឌលគិរីឯណោះវិញ ក៏កំពុងមានបញ្ហាវិវាទដីធ្លីដែរ។ សម្ដេច ស ខេង ដែលបានដឹងពីបញ្ហាទំនាស់ដីធ្លីនេះ បានស្នើឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំចេញប្លង់មេ ឬប្លង់គោលដីធ្លីនៅតំបន់នោះ ដើម្បីទប់ស្កាត់បញ្ហាដីធ្លីខាងមុខ។ បើតាមសម្ដេច ស ខេង អ្នកមានអំណាចធំៗ កំពុងសម្រុកទៅយកដីនៅខេត្តមណ្ឌលគិរីហើយ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ កក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខាងនគរូបនីយកម្ម ការរៀបចំប្លង់គោល ប្លង់នៅកន្លែងមួយចំនួន ដែលជាប៉ូលអភិវឌ្ឍន៍អីហ្នឹង បើយើងមិនគិតពីឥឡូវទៅ ច្របូកច្របល់អស់ហើយ ហើយទៅមុខមិនងាយកែទេ មិនងាយកែហ្មង។ ឥឡូវឧទាហរណ៍កំពង់សោម វាទៅអ៊ីចឹងហើយ(បញ្ហាដីធ្លី) ឥឡូវកែបានបណ្ដើរៗហើយ។ ខេត្តមណ្ដលគិរី ឧទាហរណ៍អ៊ីចឹង ដែលថាជាប៉ូលសេដ្ឋកិច្ចមួយដែរ ឥឡូវនាំគ្នាទៅចាប់ដីកំពុងមានរឿងមិនទាន់ដោះស្រាយផង ហើយសុទ្ធតែ(អ្នកមានអំណាច)ធំៗ ប៉ុន្តែប៉ុនណាខ្ញុំមិនដឹងទេ ដឹងតែធំៗ»។
កាលពីចុងខែមិថុនា តុលាការក៏បានសម្រេចលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរីជាប់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដោយសារករណីដីធ្លីនេះ។
សង្គមស៊ីវិល គាំទ្រ ប៉ុន្តែមិនទាន់ជឿជាក់១០០ភាគរយ លើវិធានការក្តៅរបស់រដ្ឋាភិបាល លើមន្ត្រីមានអំណាច ដែលកៀបសង្កត់ និងរំលោភដីធ្លីពលរដ្ឋឡើយ។ លោក សឹង សែនករុណា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានកត់សម្គាល់ថា ប្រមុខរដ្ឋាភិបាល បានប្រកាសចេញវិធានការច្រើនកន្លងមកហើយ ប៉ុន្តែការអនុវត្តនោះ ហាក់មិនសូវជាបានផលវិជ្ជមានច្រើន ដូចជាការប្ដេជ្ញាចិត្តឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សឹង សែនករុណា បាននិយាយដូច្នេះថា៖«កន្លងមក(រដ្ឋាភិបាល)ក៏មានការលើកឡើងច្រើនមកដែរ ឧទាហរណ៍ ការប្រើកណ្ដាប់ដៃដែក ជំនាន់ស្ដារប្រព័ន្ធយុត្តិធម៌អីជាដើម ប៉ុន្តែអត់ឃើញវា(ប្រព័ន្ធយុត្តិធម៌ប្រែប្រួល)ទៅណាទេ ហើយបញ្ហាហ្នឹងវាចេះតែនៅកើតមាន អំពើពុករលួយ ទំនាស់ផលប្រយោជន៍ បក្ខពួកនិយម រើសអើងផ្នែកនយោបាយក្នុងប្រព័ន្ធតុលាការនៅតែមាន ទាំងរឿងព្រៃឈើក៏អ៊ីចឹងដែរ។ យើងឃើញនៅមានបញ្ហាច្រើន ប៉ុន្តែយើងមិនដឹងថា តើការលើកឡើងរបស់រដ្ឋាភិបាលលោកមានវិធីសាស្ត្រ និងយន្តការអ្វីថ្មី ក្នុងការដោះស្រាយបញ្ហា(ដីធ្លី)ហ្នឹង ព្រោះការលើកឡើងកន្លងមកអត់មានប្រសិទ្ធភាពជាបន្តបន្ទាប់…»។
ដ្បិតមិនទាន់ជឿជាក់លើរដ្ឋាភិបាល១០០ភាគរយក្តី ប៉ុន្តែលោក សឹង សែនករុណា ក៏ទទួលស្គាល់ថា មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋមួយចំនួន ក៏ទទួលបានពន្លឺយុត្តិធម៌ខ្លះហើយ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនេះ។ «ក្នុងពេលថ្មីៗហ្នឹង ខ្ញុំបានឃើញសកម្មជនដីធ្លីខ្លះ នៅក្នុងខេត្តមួយចំនួនហ្នឹងត្រូវបានតុលាការ ធ្វើការទម្លាក់ចោលការចោទប្រកាន់ហើយ ដូចជារឿងនៅខាងបន្ទាយមានជ័យ ករណីលោកស្រី ឡុង សុគន្ធី ករណីនៅខាងព្រះវិហារ ករណីប្រជាពលរដ្ឋត្រូវបានក្រុមហ៊ុនប្ដឹង ហើយត្រូវបានតុលាការទម្លាក់ចោលបទចោទទាំងស្រុង។ អ៊ីចឹងយើងឃើញមានការដោះស្រាយនៅត្រឹមតុលាការ»។ នេះជាការមើលឃើញរបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ។
បើតាមលោក សឹង សែនករុណា បញ្ហាដីធ្លីដែលសមាគមអាដហុក ស្រាវជ្រាវរកឃើញនោះ ភាគច្រើនមានជម្លោះរវាងពលរដ្ឋជាមួយឧកញ៉ា មន្ត្រីមានអំណាច និងក្រុមហ៊ុន ដែលរំលោភបំពានដីធ្លីពួកគេ។
តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងមធ្យ័តថា ដំណាក់កាលនេះ ជាពេលវេលាត្រូវវះកាត់ និងកម្ចាត់ជនខិលខូចទាំងឡាយណា ដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗ។ សម្ដេច ព្រមានថា បុគ្គលបែបនេះត្រូវផ្តន្ទាទោស ហើយឈានទៅដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង។
សង្គមស៊ីវិល នឹងរង់ចាំតាមដានមើលការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាល។ លោក សឹង សែនករុណា បានបញ្ជាក់ថា មន្ត្រីសមាគមអាដហុក ដែលធ្វើការលើរឿងដីធ្លីនេះ នឹងកត់ត្រារាល់សមិទ្ធផលជាក់ស្ដែងរបស់រដ្ឋាភិបាល ដែលប្ដេជ្ញាទប់ស្កាត់ និងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋនេះ ដើម្បីចង់ដឹងពីការអនុវត្តរបស់រដ្ឋាភិបាលលើបញ្ហាដីធ្លីនេះ មានប្រសិទ្ធកម្រិតណា។
«ក្រុមការងាររបស់សមាគមអាដហុក នឹងកត់សម្គាល់មើលចាប់ពីពេលនេះទៅ ក្រោយការថ្លែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនេះ គឺថ្ងៃក្រោយទៅមុខទៀត យើងនឹងធ្វើការផ្ទៀងផ្ទាត់ថា ក្រោយពីការប្រកាសហ្នឹង ករណីដីធ្លីក្នុងរបាយការណ៍សមាគមអាដហុកមានប៉ុន្មាន ដែលរដ្ឋាភិបាលដោះស្រាយហើយ ពលរដ្ឋទទួលបានយុត្តិធម៌ និងនៅសល់ប៉ុន្មាន ដែលមិនទាន់ដោះស្រាយ មិនទាន់ទទួលបានយុត្តិធម៌។ យើងនឹងមានការស្រង់ព័ត៌មានហ្នឹងបន្តទៀត»។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ដែលបានបន្ថែមថា បើរដ្ឋាភិបាលដាក់ចេញចំណាត់ការបែបនេះ លុះត្រាតែរដ្ឋមានការស្រាវជ្រាវច្បាស់លាស់ ដើម្បីចៀសវាងការដោះស្រាយបញ្ហាវិវាទដីធ្លី ផ្ដល់ប្រយោជន៍ឱ្យអ្នកមានលុយ អំណាច ឧកញ៉ា និងក្រុមហ៊ុន។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីការអត្ថាធិប្បាយជុំវិញបញ្ហាដីធ្លីនេះឡើយ។
គិតចាប់តាំងពីឆ្នាំ២០០៣ ដល់ខែសីហា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលពាក់បណ្ដឹងជិត៩ពាន់ករណី ក្នុងនោះដោះស្រាយបញ្ចប់ជាង៤ពាន់ករណី និងទម្លាក់ចោលពាក់បណ្ដឹងក្រោយស៊ើបអង្កេតជិត៣ពាន់ករណី និងម្ចាស់ដកពាក្យបណ្ដឹងវិញជិត៩០០ករណី។ ចំណែកពាក្យបណ្ដឹងដីធ្លី ដែលពលរដ្ឋឡើងដាក់ដល់ក្រសួងរៀបចំដែនដីផ្ទាល់ នៅត្រឹមខែសីហា ឆ្នាំ២០១៩ មានជិត២ពាន់ករណី ក្នុងនោះដោះស្រាយជិត៥០០ករណី (ដោះស្រាយបញ្ចប់ជិត២០០ករណី) ហើយក្រសួងធ្វើលិខិតឆ្លើយតបទៅម្ចាស់ពាក្យបណ្ដឹង និងបង្វេរទៅសមត្ថកិច្ចពាក់ព័ន្ធជិត៣០០ករណី និងបន្តដំណើរការដោះស្រាយជិត១៥០០ករណី។ រីឯអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក៏ទទួលបានពាក្យបណ្ដឹងជាង១៨០០ករណីដែរ ហើយដោះស្រាយបានជាង១៧០០ករណី និងបន្តដោះស្រាយជាង១០០ករណី។ នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដី ដែលសារព័ត៌មានថ្មីៗ ទទួលបានកន្លងមក៕