(ភ្នំពេញ)៖ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូន ប្រជាពលរដ្ឋ មានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ រូតរះទៅរកទិញត្រី តាមគន្លងដាយនេសាទត្រី ក្នុងដងទន្លេសាប នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ដែលជាថ្ងៃចាប់បានត្រីច្រើន។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ធ្នូ បានជូនដំណឹង ដល់សាធារណជនថាៈ ក្នុងរដូវវស្សាឆ្នាំ ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកម្ពស់ទឹក ដែលហូរចេញពី បឹងទន្លេសាបរួច ឃើញថា គន្លងដាយ នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រី បានច្រើន នៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ ៦កើត ដល់ថ្ងៃ ១២កើត ត្រូវនឹងថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ប្រសិនបើ មេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានស្នើសុំអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្សនេះ ឱ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបជូនខាងលើ៕ដោយ៖សហការី