ស្រវឹងស្រាបើករថយន្ត បោះពួយលឿនជ្រុលទៅបុករថយន្តផ្សេងទៀតបន្ដគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ,,,

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្ត range rover មួយគ្រឿងបោះពួយលឿនដូចហោះជ្រុលទៅបុករថយន្តហាយលេនឌ័រ ពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅប៉ះនឹងរថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំទាំងសងខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត(២១៧)ខាងកើតស្ពានអាកាសស្ទឹងមានជ័យប្រមាណជាង ១០០ ម៉ែត្រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-7807ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងដៃឆ្លងផ្លូវម្ខាងទៀត ដោយជិតផុតទៅហើយ ស្រាប់តែមានរថយន្តrange rover ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2M-5279បើកបរដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបុកគូទរថយន្តហាយលេនឌ័រពេញទំហឹង បណ្ដាលឲ្យរថយន្តហាយលេនឌ័រខ្ទាតទៅប៉ះនឹងរថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-2158បើកបរបញ្ច្រាសទៅដើរគ្នាពីកើតទៅលិចចំមួយចំហៀងរថយន្តស្ការិចបណ្ដាលឲ្យខូចខាត ចំណែករថយន្តហាយលេនឌ័រខ្ទេចមួយកំណាត់ក្រោយ ឯរថយន្តrange rover ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការឃាត់ខ្លួនជនជាតិចិនបណ្ដោះអាសន្ន រួចទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តទាំង៣ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖សហការី

You might like