ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រទះឃើញរថយន្តមួយគ្រឿង ត្រូវបានគេយកមកប្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចដីដីឡូត៍មួយកន្លែង ដែលមិនមានមនុស្សនៅ ស្ថិតនៅក្នុងភូមក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។
ក្រោយពីទទទួលបានព័ត៌មានភ្លាម ខាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជុក បានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យមើលរថយន្ត ដែលត្រូវបានគេជិះយកមកប្លុងចោល ខាងលើនេះ ម៉ាក ស៊ើប (SURF) ពណ៌កណ្ដុរប្រមេះ គ្មានស្លាកលេខ នោះទេ។
សមត្ថកិច្ចបានពិនិត្យនៅក្នុងរថយន្តឃើញមានឯកសារ និងរូបថត ដែលគេបានទុកចោលក្នុងរថយន្ត ឃើញមានឈ្មោះ ស្រេង ស្រ៊ុន និងមានរហស្សនាម ហៅ ខ្លា ៣ ជាមន្ត្រីនគរបាល មានឋានរស័ក្តិ អនុសេនីយ៍ត្រី ជានាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាល ស្រុកពញាឮ ខេត្តកណ្តាល ដែលបានចូលនិវត្ត មានស្រុកកំណើត នៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
លោកអធិការនគរបាលស្រុក សាមគ្គីមានជ័យ បានឲ្យដឹងទៀតថា គេមិនបានដឹងថា ជនខាងលើនេះ ជិះរថយន្ត យកមកប្លុងចោល ហើយដោះស្លាកលេខអស់ និងបានគេចខ្លួនបាត់ ដោយទុករថយន្តចោល នៅកន្លែងកើតហេតុដូច្នេះ។
រថយន្ត ត្រូវបានកម្លាំងជំនាញ សហការជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជុក និងប្រជាការពារ នាំយករថយន្ត ខាងលើនេះ មករក្សាទុកនៅអធិការរដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុអ្វីជាក់លាក់លើករណីមួយខាងលើនេះ៕ដោយ៖សហការី