បទល្មើសព្រៃឈើ ដឹកជញ្ជួនខុសច្បាប់ កើតឡើងយ៉ាងពេញបន្ទុក ក្នុងភូមិសាស្រ្តស្រុកឪរ៉ាល់ .?

(ខេត្តកំពង់ស្ពឺ)៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើស​ព្រៃឈើក្នុងស្រុកឱរ៉ាល់ បានឲ្យដឹងថា បទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច​និងស្រុកថ្ពង គ្មានប្រសិទ្ធភាពឡើយ។

ជាក់ស្តែងបច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៤៤ នៅតែកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ។

រីឯឈ្មួញដែលបង់លុយតាមការកំណត់អាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន ហេតុនេះហើយទើបបទល្មើសព្រៃឈើក្នុងស្រុកឱរ៉ាល់ កើតឡើងយ៉ាងយ៉ាងរាលដាលសមត្ថកិច្ចបង្ក្រាបមិនចេះអស់។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិផ្លោច ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ​បទល្មើសព្រៃឈើក្នុងមូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាលព្រោះ​ការបង្ក្រាបពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធគ្មានប្រសិទ្ធភាព។

ជាក់ស្តែងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ គោយន្តកន្ត្រៃ១គ្រឿងដឹកឈើ៣កំណាត់ធំៗត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបនៅ​តាមបណ្តោយផ្លូវជាតិលេខ៤៤ ​ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ក្នុងភូមិផ្លោច ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

ប៉ុន្តែអត្តសញ្ញាណអ្នកបើកបរគោយន្តដឹកជញ្ជូនឈើខុសច្បាប់នោះមិនត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើលាតត្រដាងឡើយគឺបានត្រឹមអូសយកគោយន្តនិងឈើទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើផ្លោច ដើម្បីចាត់ការតាមនីតិវិធី។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ​បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកឱរ៉ាល់ ទេនោះគឺ​គ្មានឈ្មួញណាអាចដឹកជញ្ជូនឈើខុសច្បាប់បានឡើយ។

ទន្ទឹមនឹងនេះការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកឱរ៉ាល់ នាពេលកន្លងមកភាគច្រើនមន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាបបានតែគោយន្ត រថយន្តនិងឈើជាវរត្ថុតាងហើយឈ្មួញម្ចាស់ឈើ​តែងតែគេចផុតពីសំណាញ់ច្បាប់។

ចំណែកលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមេរដ្ឋបាលកំពង់ស្ពឺ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងការរិះគន់ថា គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។

You might like