ភ្នំពេញ ៖ យោងតាមផេកផ្លូវការ លោក HENG Ratana ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានអោយដឹងថា៖ ផ្អែកតាមគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់ ឱ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងក្រុមអ្នកជំនាញសុនខ សិក្សារួមគ្នា។ គំនិតផ្តួចផ្តេីមនេះ បង្ហាញពីការគិតគូររបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វេីទៅបាន ដេីម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។
ព្រឹកថ្ងៃពុធ ១១កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនសុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩)។ ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពសុីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ អង្គភាពសុីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បំរេីការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។ ខ្ញុំបានពិភាក្សាការងារនេះជាមួយឯ.ឧសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយឯ.ឧរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាអ្នកទទួលខុសត្រូវសហការអនុវត្តផ្ទាល់ជាមួយអង្គភាពសុីម៉ាក់។
សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្សុី ជាដេីមបាននិងកំពុងប្រេីប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា ផងដែរ៕