(ស្វាយរៀង)៖ រថយន្តធុនធំ១គ្រឿង ពេលកំពុងបើកបររលត់ម៉ាស៊ីន បញ្ជាលែងបានហើយជ្រុលទៅបុកផ្ទះពលរដ្ឋ បង្កឱ្យខូចខាតយ៉ាងដំណំ តែតែអត់មានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ហេតុការណ៍នេះបានកើតឡើង នៅផ្លូវជាតិលេខ១ក្នុងភូមិ ប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃត្រង់ក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ផ្ទះដែលរងការខូចខាតមានម្ចាស់ឈ្មោះ តូច គន្ធា ភេទស្រី អាយុ៥៨ឆ្នាំ និងសំយាបផ្ទះ១ទៀត ម្ចាស់ឈ្មោះ ពិន ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ចាបហួយ បណ្តាលឱ្យខូចសំយាបផ្ទះ និងអីវ៉ាន់លក់ដូរមួយចំនួនធំ។
ចំណែកអ្នកបើករថយន្តបង្កមិនស្គាល់ឈ្មោះទេ ព្រោះក្រោយកើតហេតុគាត់បានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តធំបែនដឹកថ្មគ្មានស្លាកលេខនៅនឹងកន្លែង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា៖ មូលហេតុដោយសារ តែរថយន្តបានរលត់ម៉ាស៊ីន បញ្ជាលែងបានទើប បង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ៕