អភិបាលខេត្តកំពង់ចាមសម្រេចបិទខ្ទប់ ភូមិថ្មី (ខ) ស្រុកកងមាស ជាបណ្តោះអាសន្ន ក្រោយមានអ្នកផ្ទុកជំងឺកូវីដ-១៩

កំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ ភូមិថ្មី (ខ) ស្ថិតនៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតមានការជូនដំណឹងឡើងវិញ ដោយសារមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

នេះបើយោងតាមការសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ៕

គួររម្លឹកថា បុរសម្នាក់ ឈ្មោះ ថេង កុសល អាយុ ២៧ឆ្នាំ រស់នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ដោយលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ។

បុរសរូបនេះ ជាធ្វើការនៅក្នុងរោងចក្រ សាន ស៊ីង នៅកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានទៅស្រុកកំណើតដោយ ជិះម៉ូតូ ជាមួយមិត្តភក្តិ ដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ អ៊ុក សាឌី ។ នៅថ្ងៃដដែល បុរសរូបនេះ​ជួបជុំមិត្តភក្តិ ចន្លោះ ៧ ទៅ ៨នាក់ ផឹកស៊ីគ្រឿងស្រវឹង នៅវាលស្រែមួយនៅស្រុកកំណើត ទៀតផង ។

តាមការបង្ហាញពីរដ្ឋបាលខេត្តកំពង់ចាមបឋម ឲ្យដឹងថា មានអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវិដ-១៩ រូបនេះ ចំនួន ១៤នាក់ ខណៈអ្នកទាំងនោះត្រូវបានបញ្ជូនទៅធ្វើចក្តាឡីស័ក ហើយរដ្ឋបាលខេត្តបាននិងកំពុងបន្តស្រាវជ្រាវបន្ថែមទៀតផងដែរ ។

សូមជម្រាបថា អ្នកជំងឺកូវីដ-១៩ ឈ្មោះ ថេង កុសល ត្រូវបានក្រុមគ្រូពេទ្យយកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម រួចរាល់ហើយ ដែរ ៕

You might like