សត្វផ្សោតទម្ងន់ជាង១០០ គីឡូក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទើរនៅក្នុងគុម្ពោធព្រៃនៅស្ទឹងត្រែង!

(ស្ទឹងត្រែង)៖ កាលពីថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១ម្សិលមិញនេះ ឆ្មាំទន្លេនិងសហគមន៍ឃុំព្រះរំកិល បានរាយការណ៍ថា មានសត្វផ្សោតមួយក្បាលទម្ងន់ជាង ១០០ គីឡូក្រាម ងាប់អណ្តែតទឹកទើរនៅក្នុងគុម្ពោធព្រៃ កន្ទុយភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
មន្ត្រីជលផលស្ទឹងត្រែង បានសហការជាមួយអង្គការអភិរក្សសត្វផ្សោត wwf ចុះទៅពិនិត្យឃើញថាសត្វផ្សោតមួយក្បាល ដែលងាប់នោះ គឺជាផ្សោតដែលមានវ័យចំណាស់។ មិនជាប់ពាក់ព័ន្ធទៅនឹងការដាក់ម៉ង របស់អ្នកនេសាទទេ។
វាមានវ័យប្រហែល ២០ ឆ្នាំហើយ។ ធ្មេញរបស់វាសឹករិចរេលអស់ហើយដែរ។ មាឌរាងស្គមទម្ងន់ជាង ១០០ គីឡូក្រាម ប្រវែងមួយម៉ែត្រពីរទឹក។ អំឡុងនៃការស្លាប់អាចមានរយៈពេលពី ៥ ទៅ ៧ ថ្ងៃមកហើយ។ យើងមើលឃើញថាសាច់របស់វា មានសភាពស្អុយរលួយ។ គេមិនអាចកំណត់ថាផ្សោតនោះ គឺជាផ្សោតញីឬក៏ឈ្មោលទេ។ អ្នកវិទ្យាសាស្រ្តក៏ដូចជាជំនាញខាងអង្គការ wwf មិនអាចកំណត់ថាផ្សោតញី ឬឈ្មោលបានឡើយ។ គេអាចកំណត់ថាវាមានវ័យ ប្រហែល២០ ឆ្នាំ ដោយសារបានដាក់លេខកូដ នៅជាប់នឹងខ្លួនផ្សោត។
មូលហេតុសត្វផ្សោតមួយក្បាល បានងាប់នោះ អាចបណ្ដាលមកពីវាមានវ័យចំណាស់ នឹងមានជំងឺ ៕

You might like